អាជ្ញាធរខេត្តបន្ទាយមានជ័យ បង្កើតផ្សារសហគមន៍ផលិតផលខ្មែរ ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មសុវត្ថិភាព គ្មានជាតិគីមី ជួយលើកកម្ពស់ជីវភាពប្រជាកសិករ
July 24, 2020 អ្នកទស្សនា :

      រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្នុងអំឡុងជំងឺកូវីដ-១៩ ដើម្បីជួយជ្រោមជ្រែងសម្រួលស្វែងរកទីផ្សារលក់ដូរ បង្កើនជីវភាពដល់ប្រជាកសិករ អាជ្ញាធរខេត្តបន្ទាយមានជ័យ ពិសេសមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្មខេត្ត ក្រៅពីជំរុញការដាំដុះ និងការចរាចរផលដំណាំទៅលក់លើទីផ្សារ អាជ្ញាធរខេត្តបានបង្កើតផ្សារសហគមន៍ផលិតផលខ្មែរសម្រាប់ឲ្យលក់ដូរ និងផ្សព្វផ្សាយ ផលិតផលកសិកម្ម ជាបន្លែផ្លែឈើសុវត្ថិភាពគ្មានជាតិគីមី និងផលិតផលកសិកម្មកែច្នៃក្នុងខេត្ត ក្រោមការផ្តល់អនុសាសន៍ណែនាំចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ នៅទីតាំងបរិវេណសួនមានជ័យ ខេត្តបន្ទាយមានជ័យ។ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ដំណើរការផ្សារសហគមន៍ផលិតផលខ្មែរ និងវិថីម្ហូបអារហារ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមព្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ស្ថាប័ន មន្ទីរ អង្គភាព ក្រុង ស្រុក និងតំណាងក្រសួងពាណិជ្ជកម្ម។

      លោក ប៉ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា ផ្សារសហគមផលិតផលខ្មែរ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានចាប់បើកដំណើរការលក់ដូររៀងរាល់ចុងសប្តាហ៍។

      លោកបន្តថា ផ្សារមានលក់បន្លែសុវត្ថិភាព និងសរីរាង្គ ដែលដាំដុះដោយក្រុមកសិករក្នុងខេត្តបន្ទាយមានជ័យ ក៍ដូចជាមាន់ស្រែ អង្ករ ម្សៅដំឡូងមី និងផលិតផលកសិកម្មកែច្នៃដោយសិប្បករនៅក្នុងខេត្តជាច្រើនមុខទៀត មានចំនួន៤៣ តូប បានរៀបចំរួចរាល់។

      ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថាការបង្កើតផ្សារសហគមន៍ផលិតផលខ្មែរក្នុងគោលបំណង ផ្សព្វផ្សាយអំពីផលិតផលកសិកម្ម ដែលផលិតដោយក្រុមកសិករ សហគមន៍កសិកម្ម អ្នកប្រមូលទិញ សហគ្រាសនានា បង្កើតឱកាសសម្រាប់ក្រុមកសិករផលិត អ្នកប្រមូលទិញធំៗ នៅក្នុងតំបន់ និងក្រៅតំបន់ ដើម្បីសហការគ្នាក្នុងគោលបំណងឆ្លើយតបទៅតាមតម្រូវការទីផ្សារ និងបង្កើនផលិតផល និងផលិតកម្ម។

      ឯកឧត្តមបន្តថា ផ្សារសហគមន៍ផលិតផលខ្មែរនេះ នឹងផ្តល់ភាពងាយស្រួលសម្រាប់ទីផ្សារលក់ដូរក្រោយទទួលផល ដែលធ្វើឲ្យកម្រិតជីវភាព ប្រជាកសិករបានល្អប្រសើរ ដែលជំរុញទឹកចិត្តធ្វើឲ្យបន្តខិតខំដាំបន្លែផ្លែឈើសុវត្ថិភាព ដោយគ្មានជាតិគីមី និងការចិញ្ចឹមសត្វតាមបែបធម្មជាតិ ក៍ដូចជាបានដឹងនិងជួយគាំទ្រផលិតផលកសិកម្មកែច្នៃដោយសិប្បករនៅក្នុងខេត្ត ដែលជាការលើកស្ទួយផលិតផលខ្មែរ និងសិប្បកម្មកែច្នៃក្នុងខេត្តផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ