ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងកែប
July 14, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងកែប ពិធីនេះមានការអញ្ជើញចូលរួម ពីមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ក្រុមប្រឹក្សាសង្កាត់ គ្រប់សង្កាត់ និងអាជ្ញាធរក្រុងកែប ប្រមាណ៧០រូប។

      មានប្រសាសន៍ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនេះ ឯកឧត្ដម សោម ពិសិដ្ឋ បានស្នើដល់គណៈអភិបាលក្រុងកែប និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺCOVID-19 នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្ដមអភិបាលខេត្ត បន្តថា អាជ្ញាធរក្រុង ត្រូវធ្វើការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋដែលទើបត្រលប់មកពីប្រទេសថៃ និងប្រទេសដ៏ទៃផ្សេងទៀត ដែលទើបបានត្រលប់មកក្នុងមូលដ្ឋានក្រុងរបស់ខ្លួនឲ្យបានច្បាស់លាស់។ ក្នុងករណីមានប្រជាពលរដ្ឋដែលទើបមកពីប្រទេសផ្សេងក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវចាត់មន្ត្រីជំនាញ ចុះធ្វើការពិនិត្យ ជូនពួកគាត់ដល់ផ្ទះ និងត្រូវធ្វើការណែនាំដល់ពួកគាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យ ត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជាបន្ទាន់ លើសពីនេះឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។

      ឯកឧត្តម បានបញ្ជាក់ថា ការផ្ទេរភារកិច្ច លោក គិន សុភក្រ្ត័ និង លោក លេង សុខុម ពីអភិបាលរងស្រុកដំណាក់ចង្អើរ ទៅកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងកែប គឺអនុវត្តទៅតាមខ្លឹមសារប្រកាសស្តីពីការផ្ទេរភារកិច្ចមន្រ្តីរាជការ របស់ក្រសួងមហាផ្ទៃ លេខ ២៨០២ប្រ.ក. ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ ការផ្លាស់ប្តូរកន្លែងធ្វើការនេះ មិនមានន័យថា លោកទាំង០២រូបនេះ មានកំហុសឆ្គងផ្នែករដ្ឋបាលទេ គឺត្រូវដល់អាណត្តិដែលច្បាប់កណត់ ។

      ឯកឧត្តម បានបន្ថែមថាព្រឹកនេះ យើងប្រកាសផ្ទេរភារកិច្ចមន្រ្តីនៅរដ្ឋបាលក្រុងកែប នៅពេលរសៀលថ្ងៃដដែល យើងនឹងបន្តរៀបចំនៅសាលាស្រុកដំណាក់ចង្អើរ ដោយប្រកាសផ្ទេរភារកិច្ច លោក ឆាង ឆៃ និងលោក វិន សុវង្ស ពីអភិបាលរង នៃគណៈអភិបាលក្រុងកែប ទៅកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកដំណាក់ចង្អើរជំនួសវិញ។

      ចុងបញ្ចប់ ឯកឧត្ដមបានផ្ដាំផ្ញើដល់អាជ្ញាធរក្រុង ស្រុក ត្រូវបន្តបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់សាធារណៈ កែលម្អសោភ័ណ្ឌភាព សង្ក្រាបល្បែងស៊ីសង ក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព និងយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយ(ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព) និងធ្វើការលាងសំអាតអនាម័យសំលាប់មេរោគជូនបងប្អូនដែលមកទទួលសេវា ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រី ដើម្បីត្រៀមទទួលការផ្ទេរមុខងារពីថ្នាក់លើ ដោយត្រូវជំរុញការអនុវត្តមុខងារទៅតាមរចនាសម្ព័ន្ធថ្មីុ៕

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ