រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត
July 23, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។ ក្នុងកិច្ចប្រជុំនេះ ក៏មានការត្រួតពិនិត្យ និងបូកសរុបលទ្ធផល នៃការអនុវត្តការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០២០ ផងដែរ។

 

      អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា ការរក្សាបាននូវសន្ដិសុខ សុវត្ថិភាពល្អប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ព្រមទាំងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានសហការចុះជួយឧបត្ថម្ភ និងដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩នៅតាមបណ្ដាមូលដ្ឋានក្នុងខេត្ត។

      ជាចុងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

១.បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ។

២.មន្ទីរពាក់ព័ន្ធ ត្រូវសហការជាមួយអាជ្ញាធរដែនដី បន្តតាមដាន និងជំរុញដល់ការបង្កបង្កើនផលស្រូវ របស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងទាន់ពេលវេលា ព្រមទាំងបំផុស និងគាំទ្រដល់ការដាំដុះបន្លែ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម បន្ថែមពីការបង្កបង្កើនផលស្រូវ ជាពិសេសប្រភេទផលិតផលដែលចំណាយដើមតិច រយៈពេលខ្លី និងឆាប់ទទួលផល។

៣.រដ្ឋបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តសហការ និងគាំទ្រការងារចុះធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការអនុវត្តការងារឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋានបន្ថែមទៀត ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងត្រូវធ្វើការដោះស្រាយបញ្ហាដែលបានកើតឡើងឲ្យបានល្អប្រសើរសម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រពិតប្រាកដ។

៤.មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ។

៥.រដ្ឋបាលក្រុង ស្រុកត្រូវជំរុញដោះស្រាយទំនាស់នៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យបានទាន់ពេលវេលាស្របតាមសំណូមពរ និងពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ។

៦.រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តពង្រឹងវិធានការអនុវត្តក្នុងការគ្រប់គ្រង និងថែរក្សាការពារដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសទប់ស្កាត់ការរំលោភដីចំណីផ្លូវ ចំណីទន្លេ ស្ទឹង បឹង បួរ ព្រែក និងអាងទឹក ហើយក្នុងករណីមានការរំលោភបំពានណាមួយកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវចាត់វិធានការអនុវត្តតាមផ្លូវច្បាប់ជាបន្ទាន់។

៧.ត្រូវបន្តយុទ្ធនាការផ្សព្វផ្សាយអប់រំពីវិធានការបង្ការ ទប់ស្កាត់ជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ និងជំងឺគ្រុនឈាមជាដើម ព្រមទាំងត្រូវបន្តពង្រឹងការអនុវត្តវិធានការសុខាភិបាល គម្លាតសង្គម និងវិធានការចត្តាឡីស័កឲ្យបានយ៉ាងហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។

៨.ចំពោះការធ្វើអាជីវកម្មជីកយកអាចម៍ដីនៅតាមបណ្ដាក្រុង ស្រុក ត្រូវជំរុញការអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងបទដ្ឋានបច្ចេកទេស ជាពិសេសអាជ្ញាប័ណ្ណអាជីវកម្ម។

៩.បន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ