រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត
July 28, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដោយមានការចូលរួមពី អភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងទាំងបី អាជ្ញាធរក្រុង ស្រុក មន្រ្តីរាជការតាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តជាសមាជិកគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត និងមន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តជាច្រើនរូប។

      ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានណែនាំដល់ថ្នាក់ក្រុង-ស្រុក និងឃុំ-សង្កាត់ ឲ្យបន្តការសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយតាមរយៈគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៩ចំណុច ជូនដល់ប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយ ពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ចៀសផុតពីការចាញ់បោកមេខ្យល់ ដែលអាចឈានដល់ការរងគ្រោះដោយការជួញដូរមនុស្ស។

      ឯកឧត្តម បានមានប្រសាសន៍ថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ មានពលករ ពលការិនី ជួបប្រទះនូវការចាញ់បោកមេខ្យល់ជាបន្តបន្ទាប់ ហើយក៏កំពុងប្រឈមទៅនឹងហានិភ័យខ្ពស់សម្រាប់ការចេញទៅប្រកបរបរនៅក្រៅប្រទេស ជាពិសេសក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសថៃជាដើម។ ដែលបញ្ហាទាំងអស់នេះ បើយើងទាំងអស់គ្នាមិនខិតខំពុះពារ ជម្នះនូវឧបសគ្គ ដើម្បីចូលរួមទប់ស្កាត់ ឲ្យបានទាន់ពេលវេលាទេនោះ ពលករ ពលការិនី យើងអាចនឹងទទួលរងនូវគ្រោះថ្នាក់ ទាំងគ្រោះថ្នាក់ការងារ ទាំងគ្រោះថ្នាក់សុខភាព មិនតែប៉ុណ្ណោះអាចនាំនូវបញ្ហាគ្រោះថ្នាក់សុខភាពមកដល់ក្រុមគ្រួសារ ដល់សហគមន៍ និងដល់សង្គមជាតិទៀតផង។

      ជាមួយគ្នានេះពាក់ព័ន្ធទៅនឹងបញ្ហាកុមារដើរសុំទាននៅក្នុងក្រុងកំពង់ចាម ឯកឧត្តមអភិបាលខេត្ដ បានស្នើឲ្យក្រុមការងារការពារជនរងគ្រោះ ដែលមានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជាប្រធាន សហការជាមួយអាជ្ញាធរក្រុងកំពង់ចាម ចាត់វិធានការតាមនីតិវិធី ដើម្បីគ្រប់គ្រងមុខសញ្ញាទាំងអស់នេះឲ្យមានសណ្តាប់ធ្នាប់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ