អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារនៃមន្ទីរពេទ្យបង្អែកខេត្ត
July 15, 2020 អ្នកទស្សនា :

      ឧត្តរមានជ័យ៖ អគារថ្មីនៃមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ដែលចំណាយថវិកាសាងសង់អស់ចំនួន១,៧៤៩,២៩៦ដុល្លារ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ ដែលចំណាយពេលសាងសង់ រយៈពេល១៦ខែ។

      ពិធីបញ្ចុះបឋមសិលាសាងសង់នេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងមានការចូលរួមពីសំណាក់លោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅតាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

ក្នុងឱកាសនោះឯកឧត្ដម ប៉ែន កុសល្យ បានលើកឡើងថា ការសាងសង់អគារមន្ទីរពេទ្យខេត្តនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងដៃគួរអភិវឌ្ឍន៍ខិតខំរួមគ្នា ដើម្បីពង្រីកសេវាសុខាភិបាលសាធារណៈឱ្យខិតជិតប្រជាជនងាយស្រួលក្នុងការទទួលសេវាព្យាបាល។

      ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើរឱ្យបុគ្គលិកពេទ្យទាំងអស់ ត្រូវគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវសេចក្ដីថ្លៃថ្នូរ ស្មោះត្រង់ សុច្ចរិត យុត្តិធម៌ក្នុងនាមជាអ្នកបម្រើឱ្យជនដែលរងគ្រោះដោយសារជំងឺ ឬហានិភ័យសុខភាពផ្សេងៗទៀត ជាពិសេសត្រូវព្យាបាលអ្នកជំងឺប្រកបទៅដោយយកចិត្តទុកដាក់ មិនត្រូវមានការធ្វេសប្រហែសឡើយ។

      ដោយឡែកលោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាល ខេត្តឧត្តរមានជ័យ បានថ្លែងដឹងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា មន្ទីរសុខាភិបាលខេត្តបានពង្រឹង ពង្រីកមូលដ្ឋានផ្តល់សេវារបស់ខ្លួន ដែលក្នុងនោះមានទីចាត់ការអង្គភាពសុខាភិបាលមួយកន្លែង ដែលមានការិយាល័យ ជាសេនាធិការចំនួន៤ គ្របដណ្តប់មន្ទីរពេទ្យបង្អែកខេត្តមួយ ស្រុកប្រតិបត្តិចំនួន២ មន្ទីរពេទ្យបង្អែកស្រុកមួយ មណ្ឌុលសុខភាព ៣៧កន្លែង និងកំពុងសាងសង់អគារមណ្ឌលសុខភាពមួយកន្លែងទៀត នៅស្រុកត្រពាំងប្រាសាទ។

      ប្រធានមន្ទីរសុខាភិបាល ក៏បានឱ្យដឹងទៀតថា ដោយមើលឃើញពីភាពខ្វះខាត និងតម្រូវការជាក់ស្តែងនៃមូលដ្ឋានផ្តល់សេវាសុខាភិបាល ឱ្យកាន់តែមានគុណភាពបន្ថែមទៀត ក្នុងឆ្នាំ២០២០នេះ មន្ទីរបានទទួលការសាងសង់អគារថ្មីនៃមន្ទីរពេទ្យខេត្ត ក្នុងគម្រោង H.EQIP ដែលមានទំហ៊ំ៣៣ គុណ៤២ម៉ែត្រ សរុបជាទឹកប្រាក់ប្រមាណ១,៧៤៩,២៩៦ដុល្លារ។ ហើយគម្រោងសាងសង់នេះត្រូវបានទទួលការម៉ៅការដោយក្រុមហ៊ុន Y-VAN Service Co.LTD ដែលមានរយៈពេលសាងសង់១៦ខែ ចាប់ពីថ្ងៃបញ្ចុះបឋមសិលានេះតទៅ ហើយអគារនេះមានកម្ពស់២ជាន់ ស្តង់ដាមន្ទីរពេទ្យកម្រិត៣ (CPA III) មានគ្រែ១៧០ និងបំពាក់សម្ភារបរិក្ខាមួយចំនួនទៀត។

      នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចុះបឋមសិលានិងបន្តចុះជួបសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តចំនួន ១០៨នាក់ ដោយក្នុងម្នាក់ ទទួលបានបាន អង្ករ២៥ គីឡូក្រាម, មី១ កេស, ត្រីខ១ យួរ, ទឹកស៊ីអ៉ីវ១ យួរ, ភួយ១ សម្រាប់, ម៉ុង១ សម្រាប់, សារ៉ុង១ សម្រាប់, ក្រម៉ា១ សម្រាប់ និងថវិកា២០,០០០រៀល ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ