រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំពិភាក្សាលើការងារអប់រំផ្សព្វផ្សាយយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
July 14, 2020 អ្នកទស្សនា :

      រសៀលថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាតំណាង ដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា លើការងារអប់រំផ្សព្វផ្សាយយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។

      ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍សំណេះសំណាលលើកឡើងថា កម្ពុជាទទួលរងនៅសង្គ្រាម ជាច្រើនទសវត្សរ៍ដែលបានបន្សល់ទុកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្ទៃក្នុង និងនៅតំបន់ព្រំដែនជាបន្តបន្ទាប់ សង្រ្គាមបានអូសបន្លាយអស់រយៈពេលយ៉ាងយូរចាប់ពីសតវត្សទី៦០ រហូតដល់ឆ្នាំ ១៩៩៨។ ជាពិសេសនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានគ្រាប់មីនប្រមាណប្រហែលពី៤ ទៅ៦ លានគ្រាប់ ចាប់ពីខេត្តកោះកុង រហូតដល់ខេត្តព្រះវិហារ នៅចន្លោះឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៨ តាមរយៈការទម្លាក់គ្រាប់ពីលើអាកាសដោយសហរដ្ឋអាមេរិក មានជាង ២៧៥ លានតោន។

      ឯកឧត្តម បានបន្តថាខេត្តឧត្តរមានជ័យ គឺជាខេត្តមួយដែលរងគ្រោះដោយសារសង្គ្រាមអូសបន្លាយអស់រយៈពេលយូរ និងបង្កឲ្យខ្ទេចខ្ទីទ្រព្យសម្បត្តិ ឆេះផ្ទះសម្បែង ខូចខាតផ្លូវថ្នល់ ស្ពាន លូ ភ្លឺប្រឡាយ សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រមទាំងអាយុជីវិត ភាពកំព្រីកំព្រា ព្រាត់ប្រាស់បងប្អូនកូនចៅយ៉ាងខ្លោចផ្សា។ សង្គ្រាមបានចប់រលត់ទៅតែបានបន្សល់ទុកនូវគ្រប់មីននៅលើផ្ទៃដីចំនួនប្រមាណ ២៦០ ៧២ ហិកតា ដែលត្រូវសង្ស័យថាមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កេរ្តិ៍ដំណែលពីសង្រ្គាមទាំងនេះមិនត្រឹមតែឆក់យកអាយុជីវិត នឹងធ្វើឲ្យពិការដល់បងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះទេ ថែមទាំងបង្កឲ្យមានឧបសគ្គ រារាំងដល់សកម្មភាពអភិវឌ្ឍន៍មូលដ្ឋានថែមទៀតផង។

      នៅក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា បានដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការគម្រាមកំហែង ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលការងារបោសសម្អាតនេះត្រូវ ការនូវធនធានមនុស្សសម្ភារ និងថវិកាជាច្រើនទើបជម្រុញការបោសសម្អាតបានរួចរាល់តាមផែនការកំណត់នៅឆ្នាំ២០២៥។ជាមួយគ្នានោះដែរ ឯកឧត្ដម ក៏បានកោតសរសើរខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកងកម្លាំងនគរបាល ដែលមានតួនាទីភារកិច្ចក្នុងការផ្សព្វផ្សាយការយល់ដឹងក្នុងវិស័យនេះផងដែរ និងបានពាំនាំនូវអនុសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានដូចជា៖
១.ស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយធ្វើការអប់រំយល់ដឹងអំពីមីន ដែលមិនទាន់ផ្ទុះពីសង្គ្រាម ឲ្យបានទូលំទូលាយជាសាធារណៈនៅក្នុង និងក្រៅសហគមន៍របស់ខ្លួន ដើម្បីជៀសវាងពីគ្រោះថ្នាក់ពីគ្រាប់ទាំងនោះជាយថាហេតុ។
២.ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចសហការគាំទ្រនៅសកម្មភាពផ្សព្វផ្សាយអំពីគ្រោះថ្នាក់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម របស់ប្រតិបត្តិករជាតិ និងអន្តរជាតិ។
៣.ស្នើឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពង្រឹងការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ដោយសារមីន នៅតាមសាលារៀន។
៤.ស្នើឲ្យកងកម្លាំងនគរបាលខេត្ត ឬប៉ុស្តិ៍នគរបាល ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ពីមីន និងសំណល់ជាតិផ្ទុះឲ្យដល់សហគមន៍ និងស្នើឲ្យអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងគ្រាប់យុទ្ធភណ្ឌដែលសល់ពីសង្គ្រាមផងដែរ និងស្នើឲ្យអនុវត្តច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ