ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការថ្មី នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង
July 22, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការថ្មី នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង។

      ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ត លោក លោកស្រីស្នងការរងនគរបាលខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកអធិការនគរបាលក្រុង ស្រុក លោក លោកស្រីចៅសង្កាត់ក្នុងក្រុងស្វាយរៀង សប្បុរសជន និងកងកម្លាំង សរុប ១១៨នាក់។

      មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដល់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ដែលកន្លងមកតែងតែយកចិត្តទុកដាក់ក្នុងកសាងនូវសមិទ្ធផលនានាជាច្រើន ដើម្បីសម្រួលដល់ការបំពេញការងាររបស់កងកម្លាំងឱ្យកាន់តែមានភាពងាយស្រួល និងថ្លែងនូវការអរគុណដល់លោកអធិការនគរបាលក្រុងដែលបានខិតខំការកៀរគរការចូលរួម វិស័យឯកជន និងសប្បុរសជនទាំងអស់ ជាពិសេសលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ដែលបានឧបត្ថម្ភថវិកា ក៏ដូចជាសម្ភារសម្រាប់ការសាងសង់អគារធ្វើការដ៏ថ្មីស្រឡាងដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។

      ជាមួយនេះ ឯកឧត្ដមក៏បានថ្លែងនូវការអរគុណដល់កងកម្លាំងទាំងអស់ ដែលកន្លងមកនេះ បានខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ តាមរយៈកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើកម្លាំងសមត្ថកិច្ច ព្រមទាំងបានស្នើដល់កងកម្លាំងទាំងអស់ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ច្បាប់ចរាចរណ៍ផ្លូវគោក ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ត្រូវបង្កើនការចុះល្បាតឲ្យបានកាន់តែសកម្ម និងរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់ជាទីបំផុត ដោយត្រូវត្រៀមកម្លាំងប្រចាំការឲ្យបាន ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីអន្តរាគមន៍ឲ្យបានទាន់ពេលវេលា និងធ្វើការបង្ក្រាបឲ្យខានតែនូវបទល្មើសគ្រប់ប្រភេទដែលបានកើតឡើង ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងបញ្ហាអគ្គីភ័យជាដើម ដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនឲ្យបានល្អប្រសើរ។

      ទន្ទឹមនេះ ឯកឧត្ដម ក៏សូមឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងបង្កើនការអនុវត្តការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៅតាមសហគមន៍ ដោយត្រូវពង្រឹងការអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវខិតខំបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានត្រឹមត្រូវតាមនីតិវិធី ចំគោលដៅ ចំមុខសញ្ញា ប្រកបដោយតម្លាភាពសម្រាប់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។

      ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដល់ជូននូវថវិកា និងសម្ភារមួយចំនួនដល់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង សម្រាប់ប្រើប្រាស់ក្នុងអង្គភាព រួមមាន ម៉ាស់ ចំនួន ៧.៥០០ម៉ាស់ អង្ករ ចំនួន ៣០០គ.ក្រ ទឹកស៊ីអ៊ីវ ចំនួន ២០យួរ អាល់កុល ចំនួន ២០លីត្រ និងថវិកាចំនួន ២.០០០.០០០រៀល ព្រមទាំងឧបត្ថម្ភថវិកាដែលនៅខ្វះក្នុងការសាងសង់អគារថ្មីនេះ ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ