រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជំុត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២០ របស់គណ:កម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្ត
July 22, 2020 អ្នកទស្សនា :

      នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត និងជាអនុប្រធានប្រចាំការគណ:កម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់រដ្ឋបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជំុត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២០ របស់គណ:កម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្ត។

      ឯកឧត្តមប្រធានអង្គប្រជុំ ក្នុងនាមឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណដល់លោក លោកស្រី ក្នុងគណ:កម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត បានចូលរួមអនុវត្តការងារកំណែទម្រង់នេះ ធ្វើឱ្យកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរបស់យើង មានដំណើរការល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមសេចក្តីណែនាំលេខ ០២ សណន របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

      ជាមួយនេះ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានជម្រាបជូនអំពីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាកំណែទម្រង់ផ្នែកអភិបាលកិច្ចដ៏មានសារ:សំខាន់ ក្រោមការដឹកនាំរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០០១មក និងបានបង្កើតនូវសមិទ្ធផលជាច្រើនពាក់ព័ន្ធទៅនឹងការកែសម្រួលឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ តាមរយៈនៃការអនុវត្តកំណែទម្រង់នេះ រដ្ឋបាលថ្នាក់ក្រោមជាតិបានបំពេញតួនាទី និងការទទួលខុសត្រូវយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលប្រការនេះ បានចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពដល់ការលើកស្ទួយគុណភាព នៃជីវិត និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

      ជាមួយនឹងទិសដៅការងារបន្ត ដែលមានក្នុងរបាយការណ៍ ឯកឧត្តមប្រធានអង្គប្រជុំ បានធ្វើការសង្កត់ធ្ងន់ទៅលើការជួយគាំទ្រលើផ្នែកបច្ចេកទេស លិខិតបទដ្ឋានគតិយុត្ត នីតិវិធី និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលក្រង ស្រុក និងឃុំ សង្កាត់ ដែលមានទីចាត់ការផែនការ និងវិនិយោគ និងទីចាត់ការគ្រប់គ្រងធនធានមនុស្ស ជាសេនាធិការ ប៉ុន្តែមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ភាពជាម្ចាស់ (ឆន្នានុសិទ្ធិ) ក្នុងការចាត់ចែងប្រើប្រាស់នូវធនធានរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ក្នុងការអភិវឌ្ឍមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនោះឡើយ។ កាលពីកិច្ចប្រជុំខែមុន (26/6/2020)កន្លងទៅ ឯកឧត្តមក៏បានណែនាំជំរុញឱ្យទីចាត់ការគ្រប់គ្រងធនធានមនុស្ស ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ឱ្យយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការនៅថ្នាក់ក្រោមជាតិផងដែរ។

      ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានណែនាំរំលឹកដាស់តឿនដល់នាយករដ្ឋបាលសាលាក្រុង ស្រុក ឱ្យជំរុញពន្លឿនការសិក្សារៀបចំ កំណត់និមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ឲ្យបានទាន់ពេលវេលា ស្របតាមស្មារតីលិខិតលេខ ១១៦៥ សជណ ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ក្នុងការសិក្សារៀបចំ និងកំណត់និមិត្តសញ្ញា៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ