រដ្ឋបាលខេត្តកំពត រៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្ត
July 10, 2020 អ្នកទស្សនា :

      រសៀលថ្ងៃសុក្រទី១០ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត   ឯកឧត្តម ជឹង ផល្លា ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវប្រតិភូឯកឧត្តមរដ្ឋលេខាធិការ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅជុំវិញខេត្តយ៉ាងច្រើនកុះករ។

      យោងអនុក្រឹត្យលេខ២២៥ អនក្រ.តត ចុះថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល សម្រេចផ្ទេរភារកិច្ចលោក អ៊ឹង ឆាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលរង នៃគណៈអភិបាលខេត្តកែប ឲ្យទៅកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកំពត។

      ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឡើងរាយការណ៍ជូនអង្គប្រជុំនូវវឌ្ឍនភាពការងារ និងភាពរីកចម្រើនរបស់ខេត្តលើគ្រប់វិស័យ ខេត្តកំពត គឺខេត្តមួយ ដែលមានអំណោយផលល្អពីធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍន៍លើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ វិស័យសក្តានុពលរបស់ខេត្តមានអំបិល រោងចក្រស៊ីម៉ង់ត៍ វារីអគ្គិសនី កសិកម្ម នេសាទសមុទ្រ ហើយហេដ្ឋារចនាសម្ព័ន្ធក៏បានយកចិត្តទុកដាក់សាងសង់ជួសជុល និងកែលម្អជាបន្តបន្ទាប់ សំដៅប្រែក្លាយទឹកដីខេត្តកំពតជាទឹកដីទាក់ទាញ ប្រកបដោយភាពស្រស់បំព្រង និងផាសុខភាព សក្តិសមជាខេត្ត ដែលទទួលបានជ័យលាភី ផ្ការំដួលបីទង និងជ័យលាភី ទីក្រុងស្អាតអាស៊ាន។

      ថ្លៃងក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យលោកអភិបាលរងខេត្តថ្មី ដែលទើបតែបានទទួលចូលកាន់មុខតំណែងនាពេលនេះ ត្រូវខិតខំរួមសហការសាមគ្គីគ្នា ដើម្បីធ្វើការអភិវឌ្ឍន៍ និងបម្រើសេវាសាធារណជូនប្រជាពលរដ្ឋក្នុងខេត្ត ឱ្យបានកាន់តែរីកចម្រើន និងប្រសើរឡើងបន្ថែមទៀត ហើយត្រូវបន្តរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ពិសេសក្នុងខេត្តកំពតទាំងមូល សំដៅធានាបាននូវកំណើនសេដ្ឋកិច្ច តាមរយៈផលិតកម្មលើគ្រប់ផ្នែក គ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

      ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់គណៈបញ្ជាការឯកភាពគ្រប់ជាន់ថ្នាក់ ត្រូវខិតខំអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលដែលបានដាក់ចេញ ដូចជាការលាងដៃនឹងសាប៊ូឱ្យញឹកញាប់ រក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ