សូមអបអរសាទរ ក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ទទួលបានជ័លាភីក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតផ្ការំដួល៣ទងលើកទី២(២០១៨-២០២១)
February 28, 2018 អ្នកទស្សនា :

រសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាទបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ អមជាមួយ ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតក្រោមប្រធានបទ"ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា" និងពិធីចែកជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េសុីដង់សុខាភ្នំពេញ ។ ក្នុងពិធីនេះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ផ្តល់ជូននូវពានរង្វាន់ជ័យលាភីទីក្រុងស្អាតលើកទី២ ដល់ក្រុង-ខណ្ឌដែលទទួលបានជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទង សម្រាប់ឆ្នាំ២០១៨-២០២១ ។ ក្នុងនោះក្រុងបាត់ដំបង ក៏ត្រូវបានទួលជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ ដែលឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឡើងទទួលពានរង្វាន់ជ័យលាភីទីកក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សូមបញ្ជាក់ថាក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ធ្លាប់បានទទួលពានរង្វាន់ជ័យលាភីចំនួន០៣លើករួចមកហើយ ទី១ គឺទីក្រុងជ័យលាភីនិរន្តរភាពបរិស្ថានទីក្រុងអាស៊ាន ដែលពិធីទទួលធ្វើនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ (២០១៥ ) ទី២គឺ ទីក្រុងស្អាតជ័យលាភីលេខ១ ផ្ការំដួល៣ទង (២០១៥-២០១៨) ដែលពិធីទទួលធ្វើ នៅរាជធានីភ្នំពេញ ទី៣គឺ ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន (២០១៨) នៅទីក្រុឈៀងម៉ៃ ប្រទេសថៃ និងទី៤ គឺជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទងលើកទី២ (២០១៨-២០២១) ដែលបានប្រារព្វពិធីនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េសុីដង់សុខាភ្នំពេញ ។ ចលនាប្រឡងប្រណាំងទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពបរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ទីក្រុង-ខណ្ឌ (២៦ទីក្រុង-១២ខណ្ឌ នៃរាជធានីភ្នំពេញ) នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលរួមក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍនានារបស់រាជរដ្ឋាភិបាល។ ដើម្បីជាការលើកទឹកចិត្ត រាជរដ្ឋាភិបាលនឹងផ្តល់រង្វាន់ដល់ទីក្រុង-ខណ្ឌ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងអភិវឌ្ឍន៍ទីក្រុងខ្លួន ពិសេសថែរក្សាការពារបរិស្ថាន និងបានជំរុញឲ្យតួអង្គសំខាន់ៗក្នុងវិស័យ ទេសចរណ៍ បង-ប្អូនប្រជាពលរដ្ឋេ និងគ្រប់ភាគីពាក់ព័ន្ធបានចូលរួមចំណែក យ៉ាងសកម្មក្នុងការគ្រប់គ្រងបរិស្ថាននៅតាមបណ្តាទីក្រុង។ ទីក្រុង-ខណ្ឌបេក្ខភាពដែលបំពេញ បានតាមសូចនាករ និងលក្ខណ-វិនិច្ឆ័យ ដែលបានចែងក្នុងស្តង់ដាទីក្រុងស្អាត នឹងទទួលពានរង្វាន់ និងស្លាកសញ្ញាទីក្រុងស្អាត ដែលមានឡាបិលរូបផ្ការំដួលសម្រាប់រយៈពេល ០៣ (បី) ឆ្នាំ។ ពានរង្វាន់ និងស្លាកសញ្ញាទីក្រុងស្អាត ដែលនឹងទទួលបានជាអនុគមន៍នឹងពិន្ទុ ដូចខាងក្រោម៖ ១-ឡាបិលរូបផ្ការំដួល ០៣ ទង ត្រូវប្រគល់ជូនទីក្រុង - ខណ្ឌ ដែលបានពិន្ទុចន្លោះពី ៥៨ និង ៧៧ នៃលក្ខណៈវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៧៥% នៃពិន្ទុសរុប)។ ២-ឡាបិលរូបផ្ការំដួល ០២ទង ត្រូវប្រគល់ជូនទីក្រុង - ខណ្ឌដែលបានពិន្ទុចន្លោះពី ៤៦ និង ៥៧ នៃលក្ខណៈវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៦០% នៃពិន្ទុសរុប)។ ៣-ឡាបិលរូបផ្ការំដួល ០១ទង ត្រូវប្រគល់ជូនទីក្រុង - ខណ្ឌ ដែលបានពិន្ទុចន្លោះពី ៣១ និង ៤៥ នៃលក្ខណៈវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៤០% នៃពិន្ទុសរុប)។ មូលដ្ឋាននៃការវាយតម្លៃផ្អែកលើសូចនាករគោលសំខាន់ៗចំនួន០៧ (ប្រាំពីរ) ដូចជា ៖

១) សូចនាករគោលនៃការរៀបចំ និងគ្រប់គ្រងបរិស្ថាន

២) សូចនាករគោលនៃភាពស្អាត

៣) សូចនាករគោលនៃការគ្រប់គ្រងសំណល់

៤) សូចនាករគោល នៃការបញ្រ្ជាបការយល់ដឹង

៥) សូចនាករគោលនៃតំបន់បៃតង

៦) សូចនាករគោលនៃសុវត្ថិភាព សុខាភិបាល សន្តិសុខ និងសណ្តាប់- ធ្នាប់ទីក្រុង និង

៧) សូចនាករគោលនៃហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ ដែលត្រូវបានបែងចែកជាសូចនាករលម្អិតចំនួន ៣៣ និងត្រូវបានដាក់ពិន្ទុតាមលក្ខណ-វិនិច្ឆ័យ ចំនួន ៧៧ សម្រាប់ធ្វើការវាយតម្លៃ និងសម្រេចផ្តល់ជ័យលាភីជូនទីក្រុង -ខណ្ឌបេក្ខភាព។

 

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ