អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់គ្រួសារអតីតយុទ្ធជន ដែលស្ម័គ្រចិត្តទៅរស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងស្រុកស្នួល ខេត្តក្រចេះ
July 08, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ដោយមានការរួមដំណើរពីឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន ៣៤គ្រួសារ (មានមុខសញ្ញា ជនពិការ១៨គ្រួសារ និវត្តជន ៥គ្រួសារ ជនបាត់បង់សមត្ថភាពការងារ ២គ្រួសារ គ្រួសារពលី០២គ្រួសារ និងគ្រួសារមរណៈ០៧គ្រួសារ) ដែលស្ម័គ្រចិត្តទៅរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិសំបូរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

      ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចកាលសម្តេចប្រធានតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ពិសេសគ្រួសារអតីតយុទ្ធជនដែលបានស្ម័គ្រចិត្តមករស់នៅលើដីសម្បទានសង្គមកិច្ច នៅភូមិសំបូរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

      ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងនៃជម្ងឺកូវីដ ១៩  បើទោះបីនៅប្រទេសកម្ពុជា ស្ថានភាពនៃជម្ងឺនេះមានភាពថមថយបន្តិចក៏ដោយតែជម្ងឺនេះនៅតែបន្តគម្រាមកំហែងយើង ជាប់ជានិច្ច ដោយសារតែប្រទេសនានាក្នុងពិភពលោក កំពុងរងការរាតត្បាត ដោយជម្ងឺដ៏កាចសាហាវមួយនេះនៅឡើយ។ ជាមួយគ្នានេះ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់នូវជម្ងឺឆ្លង ដូចជាជម្ងឺគ្រុនឈាម ជម្ងឺគ្រុនចាញ់ជាដើម ដោយសាររដូវនេះជារដូវវស្សា និងសូមឲ្យបងប្អូនសំអាតបរិស្ថានជុំវិញលំនៅដ្ឋាន។

      ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋឯកឧត្តម បានឧបត្ថម្ភបង្គន់អនាម័យ ចំនួន៩ ដល់៩គ្រួសារដែលជាស្រ្តីមេម៉ាយ និងគ្រួសារដែលមានជីវភាពខ្វះខាត។ ឧបត្ថម្ភ ថវិកាសម្រាប់ភ្ជាប់បណ្តាញអគ្គីសនីចំនួន៣៤គ្រួសារ ដោយក្នុង១គ្រួសារ ថវិកា២៦ម៉ឺនរៀល និងថវិកា សម្រាប់ភ្ជាប់បណ្តាញទឹកស្អាត ក្នុង១គ្រួសារ ថវិកា២៩ម៉ឺនរៀល។ ដោយឡែក សម្រាប់ដីកសិកម្ម ឯកឧត្តមអភិបាលខេត្ត បានជម្រុញឲ្យក្រុមការងារសហការជាមួយអាជ្ញាធរខេត្តក្រចេះ ធ្វើការដោះស្រាយដីសម្រាប់ចែកជូនបងប្អូន ឲ្យបានឆាប់រហ័ស ដោយ១គ្រួសារ ទទួលបានដីទំហំដីកសិកម្ម ២ហិចតា។

      អំណោយរបស់សម្តេចប្រធាន ដែលនាំយកមកចែកជូននាពេលនេះដោយក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ៥០គីឡូ ទឹកក្រូច ០១កេស មី១កេស ត្រីខ ១ឡូ ទឹកត្រី១យួរ ទឹកស៊ីអុីវ ១យួរ ស្ករស ១គីឡូ អំបិល១គីឡូ មុង១ ខ្នើយ១គូ ភួយ១ កន្ទេល១ ជែលលាងដៃ១ដប ម៉ាស១០សន្លឹក ថវិកា២០០.០០០រៀល ឧបត្ថម្ភមេភូមិ ថវិកា៤០០.០០០រៀល។

      សូមបញ្ចាក់ថា៖ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តក្រចេះ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តក្រចេះ និងសមាគមអតីតយុទ្ធជនខេត្តក្រចេះ សមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ទទួលបានដីសម្បទានសង្គមកិច្ច ចំនួន ៨០ហិចតា នៅភូមិសំបូរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ និងបានរៀបចំឈូសឆាយសម្អាត និងបានផ្តល់ជូនគ្រួសារអតីតយុទ្ធជន ក្នុង១គ្រួសារ ដីលំនៅដ្ឋានទំហំ ៣០ម៉ែត្រ គុណ៤០ម៉ែត្រ ផ្ទះ១ខ្នងសង់អំពីឈើ ប្រក់សង្កសី ទំហំ ៦ម៉ែត្រ គុណ៤ម៉ែត្រ។ គិតត្រឹមថ្ងៃនេះបានសាងសង់អណ្តូងស្នប់ចំនួន០៦ បង្គន់អនាម័យ ០៤ និងការសាងសង់ផ្ទះទាំង៣៤ខ្នង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ