អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋចូលរួមដាំកូនកោងកាង នៅស្រុកព្រៃនប់
July 05, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដាំកូនកោងកាងចំនួន ២,០០០ដើម នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 
      លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុឱ្យដឹងថា មន្ទីរកសិកម្ម បានរៀបចំពិធីដាំកូនកោងកាងចំនួន ២,០០០ ដើម ត្រូវបានធ្វើការដាំដុះឡើងវិញនៅលើផ្ទៃដីជាង ២ហិកតា នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមគោលបំណងរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដោយបានមើលឃើញនូវការកាប់បំផ្លាញព្រៃកោងកាងនៅទំនប់ប៉ុលឌែ ឯកឧត្តមក៌បានផ្តួចផ្តើមឱ្យមន្ទីរកសិកម្ម រៀបចំដាំកោងកាងស្ថារឡើងវិញ និងបំផុសប្រជាពលរដ្ឋដែលអាស្រ័យផលព្រៃកោងកាងនេះ ចូលរួមថែរក្សាការពារ និងអភិរក្សព្រៃកោងកាងឱ្យបានគង់វង្ស។
      ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា ការចូលរួមដាំកូនកោងកាងក្នុងទំនប់ប៉ុលឌែឡើងវិញនាពេលនេះ ដោយកន្លងមកសង្កេតឃើញមានជនមួយចំនួនបានកាប់បំផ្លាញព្រៃកោងកាង យើងត្រូវធ្វើការដាំដុះឡើងវិញ និងជាការព្រមានដល់ជនល្មើសកាប់បំផ្លាញព្រៃកោងកាង ព្រោះព្រៃកោងកាងមានសារប្រយោជន៍សំខាន់ណាស់ រួមចំណែកផ្តល់ជាជម្រកសម្រាប់មនុស្ស និងសត្វរស់នៅ រួមចំណែកការច្រោះបាក់ដី ការពារទឹកជំនន់ ខ្យល់ព្យុះ ផ្តល់ទីតាំងសម្រាប់ទេសចរណ៍ បង្កើនចំណូលសេដ្ឋកិច្ចប្រជាពលរដ្ឋ ប្រជាពលរដ្ឋប្រើប្រាស់សក្តានុពលធម្មជាតិដ៏សម្បុរបែបយកទៅធ្វើការចិញ្ចឹម ជីវិត ព្រៃកោងកាងបានចូលរួមការពារបរិស្ថានមានភាពល្អប្រសើរ។ សូមបញ្ឈប់ការកាប់បំផ្លាញព្រៃកោងកាង ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដូចជា តាមច្បាប់ជលផលបានចែងយ៉ាងច្បាស់ថាអ្នកកាប់ និងអ្នកបញ្ជាឱ្យកាប់ គឺជាអ្នកដែលបានប្រព្រឹទ្ធបទល្មើសដូចគ្នា ការកាប់ ការឈូសឆាយ ការរុករាន ការគ្រប់គ្រង ហ៊ុំព័ទ្ធរបងយកដីព្រៃកោងកាងជាបទល្មើស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ ទៅ ៥ឆ្នាំ និងផាកពិន័យជាប្រាក់ថែមទៀតផង។ 
      ឯកឧត្តមអភិបាលខេត្ត បានធ្វើការអំពាវនាវសូមកុំបន្តកាប់បំផ្លាញព្រៃកោងកាងបន្តទៀត អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញត្រូវអនុវត្តវិធានការច្បាប់ម៉ឺងមាត់បំផុត មិនលើកលែង មិនយោគយល់ ឱ្យពួកគេបន្តការកាប់បំផ្លាញព្រៃកោងកាងបែបនេះបន្តទៀតនោះទេ ព្រោះថា ព្រៃកោងកាងជាសម្បត្តិធម្មជាតិរបស់ជាតិយើងទាំងមូល មិនគួររងការបំផ្លាញពីក្រុមជនមួយក្តាប់តូចណាមួយ ឬក្រុមណាមួយកាប់បំផ្លាញក្នុងគោលដៅផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ម្យ៉ាងទៀតជាការបំផ្លាញផលប្រយោជន៍របស់ជាតិទាំងមូល មិនគិតពីផលប្រយោជន៍រួមនៃព្រៃកោងកាងដែលបានផ្តល់ផលប្រយោជន៍ដល់មនុស្ស និងសត្វសម្រាប់ការរស់នៅ ដូច្នេះយើងមិនអាចបន្តឱ្យមានអំពើកាប់បំផ្លាញរុករានព្រៃកោងកាងរបស់យើងបន្តទៀតនោះទេ។ 
      ឯកឧត្តម គួច ចំរើន បន្តថា ថ្ងៃនេះយើងចូលរួមដាំកូនកោងកាង តែយើងក៌ចង់ប្រាប់បងប្អូនប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីសារ:សំខាន់នៃព្រៃកោងកាង មន្ត្រីរបស់យើងត្រូវអនុវត្តតួនាទី ភារកិច្ចការពារព្រៃធម្មជាតិរបស់យើងទុកជាប្រយោជន៍ ជាសម្បត្តិធម្មជាតិរបស់ជាតិយើងទាំងអស់គ្នា ដូច្នេះចាប់ពីពេលនេះតទៅ សូមបងប្អូនកុំបន្តកាប់ រុករានបន្តទៀត មន្ត្រីរបស់យើងមិនលើកលែងទេការបំផ្លាញព្រៃ គឺស្មើនឹងបំផ្លាញអាយុជីវិតខ្លួនឯងយ៉ាងដូច្នោះដែរ។ ហើយថ្ងៃនេះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដាំព្រៃកោងកាងឡើងវិញ ដើម្បីការពារ ថែរក្សានូវព្រៃកោងកាងឡើងវិញ ព្រៃនេះសម្រាប់ជួយដល់ការរស់នៅ ភាពសុខសាន្តនៅក្នុងសហគមន៍របស់យើង ជនណាកាប់បំផ្លាញនឹងត្រូវផន្ទាទោសតាមផ្លូវច្បាប់៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ