ខេត្តកំពង់ធំប្រារព្ធពិធីទិវាជាតិលើកទី៣ ស្តីពីការបង្ការ និងពន្លត់អគ្គីភ័យ នៅក្រុងស្ទឹងសែន
February 26, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានរៀបចំទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ ដើម្បីជំរុញដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង ចំពោះគ្រោះថ្នាក់សង្គមមួយនេះ ។ ពិធីនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ យោងតាមច្បាប់ស្តីពីការបង្ការ និងពន្លត់អគ្គីភ័យ ដែលបានប្រកាសឲ្យប្រើតាមព្រះរាជក្រម ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ ត្រង់មាត្រា១៣ ចែងថា «ថ្ងៃទី២២ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ត្រូវបានកំណត់ជាថ្ងៃប្រារព្វទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ»។ យោងរបាយការណ៍ ឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ចំនួនគ្រោះថ្នាក់អគ្គីភ័យ និងមហន្តរាយដែលបង្ករក្នុងឆ្នាំ២០១៧ នៅទូទាំងខេត្តកំពង់ធំ មានចំនួន ៣៧លើក មានការថយចុះ ១៦លើក ស្មើ ២៨,០៧% បើប្រៀបធៀបនឹងឆ្នាំ២០១៦ បណ្តាលឲ្យឆេះផ្ទះចំនួន ២៧ខ្នង ឆេះតូប ៥៤ខ្នង ឆេះម៉ូតូ ៣១គ្រឿង ឆេះប្រាក់រៀល ១៤លានរៀល ឆេះប្រាក់ដុល្លា ១៦០០ដុល្លារ ព្រមទំាងសម្ភារៈផ្សេងៗជាច្រើនទៀត។ ឯកឧត្តម សុខ លូ បានថ្លែងថា ទិវាប្រារព្ធការបង្ការ និងពន្លត់អគ្គីភ័យនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលបានឆ្លុះបញ្ចាំង ពីប្រជាពលរដ្ឋយើងទូទាំងប្រទេស ចំពោះការខិតខំយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបណ្តាអង្គភាព និងស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ដែលបានចូលរួមការពារអាយុជីវិត ទ្រព្យសម្បត្តិ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ។ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើ និងអំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ និងឯកជន មន្ត្រីរាជការ ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នកុំឲ្យកើតមានអគ្គីភ័យនេះ ក្នុងនោះ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនចាត់វិធានការអប់រំណែនាំ ដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឲ្យបណ្តាម្ចាស់គេហដ្ឋាន ផ្ទះសំណាក់ ភោជនីយដ្ឋាន សណ្ឋាគារ ឲ្យមានការប្រុងប្រយ័ត្ន គ្រប់ពេលចំពោះដើមចម ដែលអាចបង្កកើតមានអគ្គីភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងទាន ធូប ភ្លើងព្រៃ បារី រំសែវជាតិផ្ទុះ ប្រេងឥន្ធៈ ឧស្ម័នចំហេះ សារធាតុគីមី ដែលជាវត្ថុងាយឆេះ ជាដើម។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសរសើរដល់នគរបាលពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់កន្លងមក ក្នុងការចូលរួមជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះអគ្គីភ័យ បានទាន់ពេលវេលា និងបានទស្សនាការបង្ហាញ សកម្មភាពស្តីពីការពន្លត់អគ្គីភ័យផងដែរ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ