ថ្នាក់ដឹកនាំខេត្តរតនគិរី ទទួលជួបជាពិភាក្សាការងារមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក
June 10, 2020 អ្នកទស្សនា :

      ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ ថ្នាក់ដឹកនាំខេត្តរតនគិរី បានទទួលជួបជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដឹកនាំដោយលោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសដែលប្រតិភូអញ្ជើញចុះបំពេញបេសកកម្មទស្សនកិច្ចសិក្សាស្វែងយល់ពីការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩នៅខេត្តរតនគិរី។

      ក្នុងឱកាសនេះលោកជំទាវបានសម្តែងនូវសុទិដ្ឋនិយមចំពោះកំណើនទេសចរណ៍ក្នុងរយៈពេលចុងក្រោយនេះ លោកជំទាវកត់សម្គាល់ថាខេត្តភាគឥសាន្តនៅរៀងរាល់ចុងសប្តាហ៍មានភ្ញៀវទេសចរណ៍មកកម្សាន្តហាក់មានសន្ទុះកើនឡើង ដែលនេះជាកត្តាល្អសម្រាប់ជំរុញដំណើរការសេដ្ឋកិច្ចក្នុងខេត្ត។ ប៉ុន្តែយ៉ាងក៏ដោយលោកជំទាវបានសម្តែងនូវក្តីបារម្ភចំពោះការធ្វេសប្រហែសរបស់ភ្ញៀវទេសចរណ៍ និងការចម្លងរលកទី២ ក្រោយពេលដែលកម្ពុជាមិនមានការចម្លងថ្មីកន្លងមកនាំឲ្យមានសន្តិភាពនិយមមិនបានយកចិត្តទុកដាក់ការពារ។

      លោកជំទាវក៏បានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្តដែលបានចាត់វិធានការឆ្លើយតបបានទាន់ពេលវេលាទៅនឹងសភាពការណ៍ដោយបានធ្វើចត្តាឡីស័កអ្នកធ្វើដំណើរចូលខេត្ត និងវិធានការចាំបាច់មួយចំនួនទៀត។ លោកជំទាវរដ្ឋលេខាធិការបានជំរុញអាជ្ញាធរខេត្តបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត និងជំរុញការផ្សព្វផ្សាយដល់ពលរដ្ឋ ភ្ញៀវទេសចរណ៍ឲ្យរក្សាបាននូវវិធានអនាម័យដោយការលាងដៃនឹងសាប៊ូ ពាក់ម៉ាស់ ការរក្សាគំលាតសុវត្ថិភាព ដោយត្រូវសម្របខ្លួនទៅនឹងរបត់ថ្មីនៃបរិបទសង្គម។ លោកជំទាវក៏ក្រើនរំលឹកផងដែរឲ្យអាជ្ញាធរ មន្ត្រីជំនាញទាំងអស់ចូលរួមទប់ស្កាត់ផងដែរនូវជំងឺគ្រុនឈាម និងគ្រុនចាញ់ដែលអាចនឹងកើតមានឡើងនារដូវវស្សានេះ។

      ជាការឆ្លើយតប ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានសម្តែងនូវការស្វាគមន័ និងក្តីអំណរគុណចំពោះប្រតិភូក្រសួងសុខាភិបាលដែលបានឆ្លៀតឱកាសដ៏មមាញឹកចុះបំពេញបេសកកម្មនៅខេត្តដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានលើកឡើងថា ការចូលរួមទប់ស្កាត់បាននូវការរីករាលដាលនេះ ដោយសារយើងមានថ្នាក់ដឹកនាំប្រកបដោយយុទ្ធសាស្ត្រ ដាក់ចេញនូវវិធានការឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងរបស់ថ្នាក់ដឹករបស់កម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគិតគូរខ្ពស់ទៅនឹងស្ថានភាពនេះ។

      ទន្ទឹមនឹងនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មានស្មារតីប្រុងប្រយ័ត្នខ្ពស់។ សម្រាប់តទៅមុខអាជ្ញាធរខេត្តនឹងបន្តធ្វើការពិនិត្យ និងជំរុញការផ្សព្វផ្សាយព្រមទាំងគៀគរឲ្យមានការចូលរួមទាំងអស់ពីគ្រប់មជ្ឈដ្ឋាននៅក្នុងខេត្ត ដើម្បីបង្ការបាននូវការរីករាលដាលរលកទី២នៃមេរោគកូវីដ-១៩។

      ឆ្លើយតបទៅនឹងការងារលុបបំបាត់ជំងឺគ្រុនចាញ់ និងគ្រុនឈាម ឯកឧត្តមបានអះអាងថា កន្លងមកអាជ្ញាធរខេត្ត តាមរយៈមន្ទីរសុខាភិបាលខេត្ត និងការចូលរួមពីអាជ្ញាធរបានធ្វើការផ្សព្វផ្សាយបានទូលំទូលាយ និងវិធានការដាក់ថ្នាំអាបែតជាដើម ហើយទស្សនវិស័យរបស់ខេត្តនឹងបន្តសហការនិងជំរុញការផ្តល់សេវាសុខមាលភាពសាធារណៈនៅជនបទឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ