អភិបាលខេត្តតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការធ្វេសប្រហែសចំពោះរលកទី២នៃការរីករាលដាលជំងឺកូវីដ១៩ 
June 09, 2020 អ្នកទស្សនា :

      តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាល ខេត្តតាកែវ បានធ្វើការអំពាវនាវម្តងហើយម្តងទៀតឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះរលកទី២នៃការរីករាលដាលជំងឺកូវីដ១៩ ព្រោះបច្ចុប្បន្ននេះជម្ងឺដ៏កាចសាហាវមួយនេះ កំពុងតែកើនឡើងជាលំដាប់នៅទូទាំងសកលលោក ពោលគឺជាង៧លាននាក់ ដែលបានឆ្លងកូវីត១៩។

      មានប្រសាសន៍នៅក្នុងពិធីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋខ្វះខាត៨០គ្រួសារដោយសារកូវីត១៩ ក្នុងជុំទី២របស់រដ្ឋបាលខេត្ត នៅក្នុងស្រុកបូរីជលសារ នាព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា បើទោះបីជាស្ថានភាពជម្ងឺកូវីត១៩ នៅក្នុងប្រទេសកម្ពុជារបស់យើងមានលក្ខណៈស្ងប់ស្ងាត់បន្តិចក្តី ហើយព្យាបាលជាសះស្បើយចំនួន១២៤នាក់ នឹង២នាក់បន្តព្យាបាលក៏ពិតមែន ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសឲ្យសោះ ពោលត្រូវបន្តអនុវត្តន៍ អំពីវិធានការអប់រំណែនាំ វិធានការបង្ការ និងទប់ស្កាត់ អំពីរីករាលដាលនៃមេរោគកូវីដ១៩ តាមរយៈការលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩នេះចូលមកក្នុងសហគមន៍របស់បងប្អូន ព្រោះវិធានទម្លាប់អនាម័យនេះវាល្អសម្រាប់ការពារកូវីត១៩ ដោយពិភពលោកមិនទាន់រកថ្នាំឬវ៉ាក់សាំងការពារនឹងជម្ងឺកូវីត១៩នេះឃើញទេ។

      ឯកឧត្តម អ៊ូចភា  បានបន្ថែមទៀតថា ពាក់ព័ន្ធទៅនិងវិធីបង្កា ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ ក្រសួងសុខាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសសមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់បងប្អូនឲ្យបានយល់ដឹង និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺផ្លូវដង្ហើមមួយនេះ ឆ្លងចូលមកសហគមន៍របស់បងប្អូន ដែលនិងនាំឲ្យមានផលវិបាកជាច្រើនចំពោះប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងមូលផងដែរ។

      ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត អ៊ូច ភា  ក៍បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធភូមិ ឃុំ ស្រុក ត្រូវបន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យបានខ្លាំងបន្តទៅទៀត តាមរយៈការចាក់មេក្រូនៅតាមភូមិ តាមវត្តអារ៉ាមនានា និងចុះអប់រំដល់ខ្នងផ្ទះប្រជាពលរដ្ឋ ពីវិធីបង្ការនិងវិធានការការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ ដោយត្រូវធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋមានការធ្វេសប្រហែសអោយសោះ និងត្រូវចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់រលកទី២ការរីករាលដាលជម្ងឺកូវីត១៩កុំឲ្យមានកើតមានចំពោះបងប្អូនប្រជាពលរដ្ឋយើង៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ