អភិបាលខេត្តកណ្តាល ជំរុញអោយអាជ្ញាធរក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ យកចិត្តទុកដាក់បង្រ្កាបបទល្មើសក្នុងមូលដ្ឋាន
June 09, 2020 អ្នកទស្សនា :

      អាជ្ញាធរក្រុង ស្រុកនិងកងកំលាំងទាំងបីប្រភេទត្រូវយកចិត្តទុកដាក់លើការងារបង្ត្រាបទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន ដែលមានសកម្មភាពស្ទើរតែគ្រប់ក្រុង ស្រុក និងមានកំណើនគួរអោយព្រួយបារម្មណ៏ដែលយើងទាំង អស់គ្នាត្រូវធ្វើការចាប់អារម្មណ៏ ដល់កំលាំងយុវជនដែលជាកំលាំងសំរាប់បន្តវេនក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ។

      ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាល ថ្លែងបែបនេះនៅក្នុងកិច្ច ប្រជុំគណៈអភិបាលខេត្ត ប្រចាំខែឧសភារបស់រដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០  ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត និងកងកម្លាំងទាំងបី នៅសាលាខេត្តកណ្តាល។

      ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមដោយលើកវិធានការជាក់ស្តែងតាមមូលដ្ឋាន ក្នុងនោះកិច្ចសហការរវាងអជ្ញាធរ កងកំលាំង ពិសេសកិច្ចសហការក្នុងការផ្តល់ព័ត៌មានពិត ច្បាស់លាស់ពី សំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង។ ប្រការកាន់តែសំខាន់ គឺត្រូវរកមេខ្យល់អោយបាន ដើម្បីធ្វើការបង្រ្កាប និងធ្វើការអប់រំដល់យុវជន យុវនារី ដែលជឿលើការឃោសនារបស់មេខ្យល់អោយដើរផ្លូវខុស នាំអោយបាត់ បង់កិត្តិយស  បាត់បង់សុភមង្គលនិងអនាគតរបស់ខ្លួន។

      ក្នុងកិច្ចប្រជុំនេះដែរ  ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្ត បានក្រើនរំលឹកដល់អជ្ញាធរ និងស្ថាបន័ពាក់ពន្ធ័ត្រូវពង្រឹងលើការងារប្រយុទ្ធប្រឆាំងមេរោគកូវិដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន អោយបានជា ប្រចាំ ដោយត្រូវបន្តការចុះជាប់ជាមួយប្រជាពលរដ្ឋ អប់រំ និងផ្សព្វផ្សាយវិធាន ការអនាមយ័របស់ក្រសួងសុខាភិបាល និងរបស់រាជរដ្ឋាភិបាល ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃវីរុសកូវិដ-១៩នៅ ក្នុងសហគមន៏។

      ឯកឧត្តមអភិបាលខេត្ត បានថ្លែងការសរសើរដល់មន្ត្រីទាំងអស់ដែលកន្លង ទៅបានចូលរួមជាមួយខេត្ត ក្នុងការការពារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ បានល្អ នៅគ្រប់ស្រុក-ក្រុង ក្នុងខេត្ត។ តាមរយ:កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់សប្បុរសជន មេត្តាបន្តគាំទ្រជួយដល់រដ្ឋបាលខេត្តទាំងថវិកា សំភារ:ស្បៀងដើម្បីរដ្ឋបាលខេត្តមានលទ្ធភាពក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។

      នៅក្នុងកិច្ចប្រជុំគណ:អភិបាលខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញអោយកងកម្លាំងទាំងបី ត្រូវពង្រឹងការការពារនូវសុខសុវត្ថិភាព សន្តិសុខសង្គម ដោយបានអនុវត្តនូវ ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានរបស់ខ្លួន អោយបានល្អប្រសើរបន្ថែមទៀត និងបន្តទប់ស្កាត់នូវបទល្មើសនានា ជាពិសេស បទល្មើសគ្រឿងញៀន ដែលជាបញ្ហាប្រឈមដ៏សំខាន់ នៃការបង្កើតបទល្មើសនានា៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ