ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលជួបពិភាក្សាការងារជាមួយប្រតិភូសភាពាណិជ្ជកម្មខេត្តកំពត-កែប
June 09, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអនុញ្ញាតឲ្យប្រតិភូសភាពាណិជ្ជកម្មខេត្តកំពត-កែប ដែលដឹកនាំដោយ ឯកឧត្តម ឧកញ៉ា ហាក់ សុវណ្ណា ជួបសំដែងការគួរសម ពិភាក្សាការងារ និងរាយការណ៍អំពីវឌ្ឍនៈភាពការងាររបស់សភាពាណិជ្ជកម្មកំពត-កែប។

      នៅក្នុងជំនួបដ៏មានអត្ថន័យនេះ ក្នុងនាម រដ្ឋបាលខេត្តកំពត ឯកឧត្តម អភិបាលខេត្ត បានសម្ដែងការស្វាគមន៍ចំពោះ ប្រតិភូសភាពាណិជ្ជកម្មខេត្តកំពត-កែប ជួបពិភាក្សាការងារនាពេលនេះ និង មានប្រសាសន៍ថា សភាពាណិជ្ជកម្មខេត្តកំពត-កែប កន្លងមកបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសយើងឲ្យរីកចម្រើន ពិសេសខេត្តកំពត  ហើយពេលបច្ចុប្បន្ននេះ កំណើនភ្ញៀវទេសចរក្នុងខេត្តបានកើនឡើង ពិសេសតំបន់អេកូទេសចរណ៍ ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ក្នុងនោះប្រមាណភ្ញៀវទេសចរ ៥២% បានទៅលេងនៅតំបន់ទឹកឈូ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើទៅសភាពាណិជ្ជកម្មខេត្តកំពត-កែប ជម្រុញដល់ការសាងសង់ផ្សារនៅតាមច្រកទ្វារព្រំដែន ស្របតាមអនុសាសន៍ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីចរាចរទំនិញបានឆាប់រហ័ស និងស្របច្បាប់។

      ឯកឧត្តម ឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកំពត-កែប បានជម្រាបជូនអំពី តួនាទីរបស់សភាពាណិជ្ជកម្មខេត្ត មានតួនាទី ៖

១.សម្របសម្រួលជាមួយ វិស័យសាធារណៈ និងវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យវិស័យទាំង២នេះមានសុខដុមនីយកម្មជាមួយគ្នា ។

២. កៀរគរវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក មកវិនិយោគទុកក្នុងខេត្តយើង។ ឯកឧត្តម ឧកញ៉ា បានបន្តថា កន្លងមក មានវិនិយោគគិនជាច្រើនបានចាប់អារម្មណ៍ខេត្តកំពតខ្លាំង ដោយឡែកក្នុងខេត្តយើងមិនទាន់មានផែនទី កំណត់សម្រាប់អនុវត្ត តំបន់កសិកម្មតំបន់ណា តំបន់កសិឧស្សាហកម្មតំបន់ណា តំបន់អេកូទេសចរណ៍តំបន់ណា ដូចនេះ សភាពាណិជ្ជកម្មខេត្ត ស្នើសុំធ្វើការនេះជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញ ដើម្បីងាយស្រួលនាពេលក្រោយ បង្ហាញដល់វិនិយោគគិន ។

      បន្ទាប់មក ឯកឧត្តម ឧកញ៉ា ហាក់ សុវណ្ណា ក៏បានបន្តថា ក្នុងនាមសភាពាណិជ្ជកម្មខេត្ត ឯកឧត្តម នឹងរៀបចំផ្សារសម្រាប់ដោះដូរទំនិញនៅតាមច្រកទ្វារព្រំដែនឲ្យបានឆាប់រហ័ស។

      នៅចុងបញ្ចប់នៃកិច្ចជំនួបពិភាក្សា ឯកឧត្តម ឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកំពត-កែប បានឧបត្ថម្ភថវិកា ៧៥០ដុល្លា ជូនដល់រដ្ឋបាលខេត្ត សម្រាប់វិធានការការទប់ស្កាត់នឹងជម្ងឺកូវីដ១៩ ក្នុងខេត្តផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ