ពិធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាលស្រុក និងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធស្រុកស្វាយទាប ខេត្តស្វាយរៀង
February 15, 2018 អ្នកទស្សនា :

នៅថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៦៥១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាលស្រុក និងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធស្រុកស្វាយទាប ខេត្តស្វាយរៀង នៅសាលប្រជុំសាលាស្រុកស្វាយទាប។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមានលោក លោកស្រី ប្រធាន មន្តីរ-អង្គភាពនានាក្នុងខេត្ត លោក ប្រធានក្រុមប្រឹក្សាស្រុកលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុកស្វាយទាប លោកនាយករងរដ្ឋបាលសាលាស្រុក លោកអធិការ អធិការរងនគរបាលស្រុក លោកមេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការមេបញ្ជាការរងផ្នែកសឹករងស្វាយទាប លោ ប្រធានការិយាល័យទាំងបួនចំណុះសាលាស្រុក លោកប្រធានការិយាល័យនានាជុំវិញស្រុក លោកមេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំគ្រប់ឃុំទូទាំងស្រុក សរុបចំនួន ៩២នាក់ ។ មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងស្រុក ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យរដ្ឋបាលស្រុកសម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ តាមនាមឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖ -ត្រូវពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ -ត្រូវបង្កើនការសហការក្នុងការថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា -ត្រូវសហការចូលរួមការពារដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ឲ្យប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយឡែកនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន-វៀតណាម ខាងមុខ ក៏ត្រូវមានការយកចិត្តទុកដាក់ និងបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងត្រូវក្រើនរំលឹកដាស់តឿន និងណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គីភ័យ -ត្រូវបង្កើនការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដែលចរាចរណ៍នៅតាមដងផ្លូវនៅក្នុងមូលដ្ឋានស្រុកឲ្យបានម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតឲ្យមានរថយន្តតទ្រុងបើកបរនៅលើដងផ្លូវជាដាច់ខាត -គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលក្រុងឲ្យបានច្បាស់លាស់ -រដ្ឋបាលស្រុក ត្រូវជំរុញការរៀបចំការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ឲ្យបានឆាប់ -ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនសង្កាត់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន -ត្រូវពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ដើម្បីត្រៀមទទួលការផ្ទេរមុខងារពីក្រសួងស្ថាប័នថ្នាក់ជាតិនាពេលខាងមុខ -ត្រូវបង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅតាមទីប្រជុំជនក្នុងស្រុក ជាពិសេសនៅខាងក្នុង និងជុំវិញផ្សារប្រសូតិ និងនៅតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាពស្រុក -ត្រូវចុះណែនាំ អប់រំផ្សព្វផ្សាយ និងទប់ស្កាត់ឲ្យបាននូវការសាងសង់សំណង់ផ្សេងៗរំលោភលើដីចំណីផ្លូវ និងការដាក់តាំងលក់ដូរទំនិញ ដែលធ្វើឲ្យប៉ះពាល់សោភ័ណភាព -ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋឲ្យបានញឹកញាប់ ដើម្បីក្តាប់ឲ្យបាននូវតម្រូវការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមអភិក្រមទាំង៣ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាព ។ មន្ត្រីរាជការដែលប្រកាសចូលកាន់តំណែងរួមមាន ៖ ១.លោក សរ សុដានី ជាអភិបាលរង នៃគណៈអភិបាលស្រុកស្វាយទាប ២.លោក សរ សមប្រាថ្នា ជាប្រធានការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុសាលាស្រុកស្វាយទាប ៣.លោក សាំង កក្កដា ជាប្រធានអង្គភាពលទ្ធកម្មសាលាស្រុកស្វាយទាប ៤. លោក សរ សុខចំរើន ជាប្រធានមន្ទីរពេទ្យបង្អែកស្វាយទាប ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ