អភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះនិងកំពុងខ្វះខាត នៅក្រុងស្ទឹងត្រែង
June 05, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រទី៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលជាគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន ៧៣គ្រួសារ ដែលកំពុងជួបការលំបាកខ្វះខាតក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

      មានអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកថាឡាបរិវ៉ាត់ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

      នាឱកាសនោះ ឯកឧត្តម ម៉ុម សារឿន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

      ទន្ទឹមនឹងនោះឯកឧត្តម ម៉ុម សារឿន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ  រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវ វិរុសកូវីដ-១៩ ដែលកំពុងកើតមាន ក្នុងពិភពលោកយើងនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានជំរុញឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល នៅរដូវវស្សានេះឲ្យបានទាន់ពេលវេលា។

      អំណោយកាកបាទក្រហមកម្ពុជាដែលផ្តល់ជូនប្រជាពលរដ្ឋទាំង ៧៣គ្រួសារ ក្នុងភូមិចំនួន៣ នៃសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៣០ គីឡូក្រាម ត្រីខ១យួរ មី១កេស និងឃីដមួយ (មានមុង១ ភួយ១ ក្រម៉ា១ សារុង១ និងអាវយឺត១)៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ