ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយស្ថានអគ្គកុងស៊ុលឡាវថ្មី ប្រចាំខេត្តស្ទឹងត្រែង
June 05, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រទី៥ ខែមិថុនា ឆ្នាំ២០២០ ស្ថានអគ្គកុងស៊ុលឡាវថ្មីប្រចាំខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម ខុម សនឃុនប៉ាសើត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដោយមានការចូលរួមពី ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត លោកនាយកបាលខេត្ត លោក លោកស្រីប្រតិភូអមដំណើរផងដែរ។

      នៅក្នុងឱកាសនោះឯកឧត្តម ខុម សនឃុនប៉ាសើត ដែលត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ តែងតាំងជាអគ្គកុងស៊ុលថ្មីប្រចាំខេត្តស្ទឹងត្រែង ឯកឧត្តមបានចូលជួបសម្ដែងការគួរសម និងកោតសរសើចំពោះកិច្ចដឹកនាំអភិបាលខេត្តក្រចេះឲ្យមានភាពរីកចំរើនលើគ្រប់វិស័យដោយការរីកចំរើនទាំងនេះ បានស្ដែងឲ្យឃើញពីកត្តាដែលប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

      ឯកឧត្តមអគ្គកុងស៊ុលថ្មីបានបន្តថា ក្នុងអាណត្តិថ្មីនេះឯកឧត្តម និងបន្តសហការជាមួយរដ្ឋបាលខេត្តក្រចេះ ដើម្បីធ្វើឲ្យទំនាក់ទំនង និងមានការសាមគ្គីភាពល្អរវាងខេត្តជិតខាងគ្នា ហើយឯកឧត្តមសង្ឃឹមជឿជាក់ថាក្រោមការដឹកនាំរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បន្តលើកកម្ពស់ទំនាក់ទំនងគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ច និងវប្បធ៌មឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសរួមគ្នាប្រយុទ្ធប្រឆាំងនៃការរីករាលដាលវីរុសកូវីដ១៩ ដែលជាក្ដីកង្វល់រួមរបស់ប្រទេសយើងទាំង២។

      ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានឯកឧត្តម ខុម សនឃុនប៉ាសើត ដែលត្រូវបានរដ្ឋាភិបាលឡាវ តែងតាំងជាអគ្គកុងស៊ុលថ្មីប្រចាំខេត្រស្ទឹងត្រែង ក្នុងនាមរដ្ឋបាលខេត្តក្រចេះ និងខិតខំប្រឹងប្រែងបន្តកិច្ចសហការ សម្របសម្រួលរបស់អគ្គកុងស៊ុលឡាវ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរទទួលបានជោគជ័យ ពិសេសលើគោលដៅដើម្បីឲ្យខេត្តជិតខាងគ្នាបានលើកកម្ពស់សេដ្ឋកិច្ចប្រជាជននៃប្រទេសទាំងពីរ។

      ឯកឧត្តមបានបន្តថា តាមរយៈទំនាក់ទំនងភាគីទាំងពីរ និងបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានការគោរពច្បាប់អធិបតេយ្យភាព ព្រមទាំងការថែរក្សាប្រពៃណីវប្បធ៌ម ទំនាមទំលាប់ អោយស្ថិតស្ថេរគង់វង្ស និងសហការគ្នាលើកកម្ពស់ការពារច្បាប់ និងខឿនការពារជាតិ ដោយមិនអនុញ្ញាតអោយក្រុមណាមួយយកទឹកដីខ្លួនប្រឆាំង នឹងប្រទេសផ្សេងបានឡើយ។ ហើយឯកឧត្តមក៏បានបញ្ចាក់ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំជំរុញខេត្តជាប់ព្រំដែនធ្វើការអភិវឌ្ឍសេដ្ឋកិច្ច ដោយជំរុញការបើកច្រកទ្វារដើម្បីបង្កើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋបន្ថែមទៀត។

      ក្នុងនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានពិភាក្សាលើគម្រោងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា ខេត្តក្រចេះ ប្រទេសកម្ពុជា និងបង្ហាញពីគោលបំណងចង់ឲ្យមកធ្វើការវិនិយោគនៅខេត្តក្រចេះយើងផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ