អភិបាលខេត្តកំពត បន្តនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្ត ប្រគល់ជូនដល់អនុសាខាក្រុង ស្រុកទាំង៨ក្នុងខេត្ត ក្នុងគោលដៅប្រយុទ្ធប្រឆាំងជំងឺកូវីត១៩
June 05, 2020 អ្នកទស្សនា :

      ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងសមាជិក សមាជិកាសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២០ បានអញ្ជើញក្នុងពិធីប្រគល់អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់អនុសាខាកាកបាទក្រហមក្រុង ស្រុកទាំង៨ក្នុងខេត្តជាលើកទី៤បន្តទៀត ដើម្បីយកទៅចែកចាយបន្តជូនដល់រដ្ឋបាលឃុំ សង្កាត់និងបងប្អូនប្រជាពលរដ្ឋក្នុងគោលដៅនៃស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមមូលដ្ឋានក្នុងស្រុក ក្រុងនីមួយៗរបស់ខេត្តកំពត។ 

      មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នូវក្ដីនឹករលឹក ពីសំណាក់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ជូនដល់មន្ត្រីអនុសាខាក្រុង ស្រុក យុវជនកាកបាទក្រហមកម្ពុជានិងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងអស់ ដែលតែងតែបានខិតខំយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ក្នុងស្មារតីចូលរួមសកម្មភាពមនុស្សផល ជួយផ្គត់ផ្គង់ជីវភាពខ្វះខាតការលំបាកនិងផ្សព្វផ្សាយ អប់រំដល់បងប្អូនប្រជាពលរដ្ឋ អំពីវិធានការការពារនិងទប់ស្កាត់ជំងឺកូវីដ១៩នៅតាមបណ្ដាមូលដ្ឋាននានាក្នុងខេត្តនាពេលកន្លងមកប្រកបដោយភាពផុសផុល។

      ឯកឧត្តមជាវ តាយ បានលើកបញ្ជាក់ថា ជំងឺកូវីដ១៩ ដែលជាជំងឺសកល ពេលបច្ចុប្បន្ននេះនៅតែកំពុងរីករាលដាលនៅបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោកស្ទើរជារៀងរាល់ថ្ងៃនិយាយជារួម និងនិយាយដោយឡែកសម្រាប់ប្រទេសកម្ពុជាយើង គឺអាចចាត់ទុកថាជាប្រទេសមានភ័ព្វសំណាង ដោយមានការប៉ះពាល់តិចតួច ក្នុងតំបន់ក៏ដូចក្នុងពិភពលោកដែលក្នុងនោះ កម្ពុជាយើងមានអ្នកឆ្លងជំងឺកូវីដ១៩ ។ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពត ក៏បានសំណូមពរ ផ្ដាំផ្ញើដល់មន្ត្រីអនុសាខាកាកបាទក្រហមក្រុង ស្រុកក្នុងខេត្តទាំងអស់ បន្ទាប់ពីទទួលបាននូវអង្ករនិងសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ពីពេលនេះតទៅត្រូវបន្តយកទៅចែកចាយជូនដល់មូលដ្ឋានគោលដៅរបស់ខ្លួន ដើម្បីសម្រាលការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋនិងរួមគ្នាទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះឲ្យមានប្រសិទ្ធភាពថែមទៀតនៅក្នុងខេត្តកំពត។

      អំណោយដែលត្រូវបែងចែកជូនសម្រាប់ដល់ អនុសាខាកាកបាទក្រហមក្រុងស្រុក និងភូមិទាំងអស់រួមមាន៖ អង្ករចំនួន ៨ តោន អាល់កុលចំនួន ៧២៨លីត្រ ជែលអាកុលចំនួន ១៦០ដប ម៉ាស ៤៨៨ ប្រអប់ ខិតប័ណ្ណអប់រំ ៨០០ សន្លឹក សាប៊ូដុំ ២០០ដុំ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ