ថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង អញ្ជើញអមដំណើរសម្ដេចចៅហ្វាវាំង គង់ សំអុល ចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ប្រោសប្រទានដល់ប្រជារាស្ត្ររងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកសាមគ្គីមានជ័យ
June 04, 2020 អ្នកទស្សនា :

      នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចចៅហ្វាវាំងវរៈវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសប្រទានដល់ប្រជារាស្ត្ររងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូល និងរលំផ្ទះចំនួន ៥៩ខ្នង ស្ថិតនៅក្នុងឃុំពាម និងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ដើម្បីសម្រាលទុក្ខលំបាកក្នុងគ្រាអាសន្ន។ 

      សម្ដេចចៅហ្វាវាំង បានពាំនាំនូវព្រះរាជបន្ទូលសួរសុខទុក្ខដល់បងប្អូនកូនចៅទាំងអស់ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ តាមរយៈការទទួលបានដំណឹងដ៏សែនសោកសៅពីអាជ្ញាធរខេត្តកំពង់ឆ្នាំង។ ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចចៅហ្វាវាំងក៏បានណែនាំនិងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរក្សាការពារខ្លួន ក្រុមគ្រួសារពីការឆ្លងរីករាលដាលពីជំងឺកូវីដ១៩ ដែលកំពុងតែយាយីពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជាផងដែរ។ មិនត្រឹមតែការពារខ្លួនពីជំងឺកូវីដ១៩នោះទេ គឺត្រូវរស់នៅដោយមានអនាម័យជាប្រចាំ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងត្រូវការពារខ្លួនពីបាតុភូតធម្មជាតិ ដូចជារន្ទះបាញ់ ខ្យល់កន្រ្តាក់ ជាដើម។ 

      អញ្ជើញចូលរួមក្នុងឱកាសនោះដែរ រួមមាន ឯកឧត្ដម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង, ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត, ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង ក្រុមការងាររាជរដ្ឋាភិបាល, ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរ និងអាជ្ញាធរមូលដ្ឋាន។ 

      ព្រះរាជអំណោយព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ សម្រាប់គ្រួសារនីមួយៗទទួលបានរួមមាន៖
-គ្រួសាររលំផ្ទះ ទទួលបាន អង្ករ ០២ បាវ ស្មើនឹង ១០០ គ.ក ,មី ០២ កេស,ឃីត ០២កញ្ចប់ (មុង ០១,ក្រមា ០១,សារុង ០១ ,ភួយ ០១) ត្រីខ ២០កំប៉ុង កៅស៊ូតង់(៤មx៦ម) ០២ផ្ទាំង អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ចំនួន ០២, ថវិកា ៨០០,០០០រៀល។                                                  
-គ្រួសាររបើកដំបូល ជញ្ជាំងផ្ទះ ទទួលបាន អង្ករ ០២ បាវ ស្មើនឹង ១០០ គ.ក, មី ០២ កេស, ឃីត ០២កញ្ចប់ (មុង ០១, ក្រមា ០១, សារុង ០១, ភួយ ០១) ត្រីខ ២០កំប៉ុង កៅស៊ូតង់(៤មx៦ម) ០២ផ្ទាំង អាវយឺតមានស្លាកព្រះរាជអំណោយ ចំនួន ០២ ,ថវិកា ៤០០,០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ