អភិបាលខេត្តកណ្តាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់គ្រួសារទីទ័លក្រមានកូនភ្លោះ៣ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ
June 03, 2020 អ្នកទស្សនា :

      ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃ០៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌រួមទាំងថវិកាមួយចំនួនទៅឧបត្ថម្ភជូនដល់គ្រួសារទីទ័លក្រមានកូនភ្លោះ៣ ឈ្មោះ ទឹម សាអែម ភេទស្រី អាយុ ៣៨ឆ្នាំ និងមានសមាជិករស់នៅក្នុងបន្ទុកសរុបចំនួន ៩នាក់ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ប្រតិភូរួមដំណើរមាន សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុងតាខ្មៅ និងអាជ្ញាធរដែនដី ព្រមទាំងប្រជាពរដ្ឋជាច្រើននាក់ទៀត។

      មានប្រសាសន៍សំណេះសំណាលឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារងាយរងគ្រោះទាំងអស់ដោយក្តីនឹករឭកជាទីបំផុត។ ឯកឧត្តមបានបន្តទៀតថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

      ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនដែលជាគ្រួសារងាយរងគ្រោះ ពិសេសប្រជាពលរដ្ឋដែលរស់នៅទីនេះទាំងអស់ សូមមេត្តាថែទាំសុខភាពឲ្យបានល្អទាំងអស់គ្នា។ ចំពោះការរស់នៅទៀតសោត គឺត្រូវប្រកាន់យកការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងត្រូវសំអាតអនាម័យបរិស្ថាននៅជុំវិញផ្ទះឲ្យបានស្អាតជានិច្ច ហើយត្រូវគេងក្នុងមុង ព្រោះរដូវនេះគឺជារដូវវស្សា។ ការអនុវត្តបែបនេះក្នុងគោលបំណងដើម្បីចូលរួមការពារកុំឲ្យកើតមានជំងឺគ្រុនឈាមដល់កូនចៅ និងចូលរួមទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ជាចម្បង ជាពិសេសសូមកុំមានការធ្វេសប្រហែសក្នុងការការពារពីជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់លាប់ជាប្រចាំ។

      អំណោយមនុស្សធម៌ដែលសាខាបានឧបត្ថម្ភជូនរួមមាន៖ អង្ករ ៦០គីឡូក្រាម,ទឹកសុទ្ធ ១កេស,មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកដោះគោឆៅ ១កេស, ទឹកដោះគោស៊ីមមីឡាក់ ( Similac) ចំនួន ១២កំប៉ុង, ស្ករស ៤កញ្ចប់, ទឹកអាល់កុល ១ដបធំ, ម៉ាស់ ១០បន្ទះ និងថវិកាចំនួន ១លានរៀល។ ជាមួយគ្នានេះក្រុមការងារអនុសាខា កក្រក ក្រុងតាខ្មៅ បានឧបត្ថម្ភបន្ថែមនូវ អង្ករ ២៥គីឡូក្រាម, ទឹកត្រី និងទឹកស៊ីអ៊ីវ ១យួរ, ទឹកដោះគោខាប់ ២កំប៉ុ, ស្ករស ២កញ្ចប់, ប៊ីចេង ២កញ្ចប់, មុង ខ្នើយ ភួយ កន្ទេល ចំនួន ១, សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ