រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងាអនុវត្តវិធានការទប់ស្កាត់ជម្ងឹកូវីដ១៩ និងផ្សព្វផ្សាយលិខិតស្តីពីការទប់ស្កាត់ការរំលោភចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ
May 28, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឹកូវីដ១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារនៃការចូលរួមអនុវត្តវិធានការទប់ស្កាត់ជម្ងឹកូវីដ១៩ និងប្រជុំផ្សព្វផ្សាយលិខិតលេខ៧០៤ ធទឧ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ ដោយមានការចូលរួមពីមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលក្រុង-ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ។

      ថ្លែងក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានកោតសសើរដល់ក្រុមគ្រូពេទ្យជួរមុខ មន្ទីរសុខាភិបាលខេត្ត មន្ត្រីសុខាភិបាលទាំងអស់ដែលបានយកចិត្តទុកដាក់ និងអនុវត្តការងារក្នុងវិជ្ជាជីវៈ ប្រកបដោយស្មារតីទទួលខុសត្រូវ និងសូមថ្លៃងអំណរគុណ ដល់មន្ត្រីព្រះសង្ឃគ្រប់ឋានុក្រម មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ សប្បុរសជនដែលបានចូលរួមទាំងថវិកា កម្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ក្នុងខេត្តកំពង់ចាម។

      ឯកឧត្តម បានណែនាំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធឲ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗឲ្យបានគ្រប់ទីកន្លែង ដូចជាទីប្រជុំជន តាមរមណីដ្ឋាន បើទោះបីជម្ងឺនេះមានសភាពស្ងាត់យ៉ាងណាក៏ដោយ តែយើងនៅតែបន្តយកចិត្តទុកដាក់លើកិច្ចការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ព្រោះជម្ងឺដ៏កាចសាហាវនេះនៅបន្តរាតត្បាតពិភពលោកក្នុងអាត្រាហានិភ័យខ្ពស់បំផុតនៅឡើយ។ អាជ្ញាធរមូលដ្ឋានត្រូវបន្តការគ្រប់គ្រងលើពលករ ពលការីនីដែលទើបនឹងត្រឡប់មកពីបរទេស សូមឲ្យតាមដានសុខភាពពួកគាត់ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ អាជ្ញាធរមូលដ្ឋាន ត្រូវបន្តពិនិត្យមើលលើជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងត្រូវឆ្លើយតបភ្លាមៗចំពោះពួកគាត់ក្នុងអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ១៩នេះ។

      ឆ្លៀតក្នុងឱកាសនោះផងដែលឯកឧត្តមបានផ្សព្វផ្សាយលិខិតរបស់ក្រសួងធនធានទឹក និងឧតុនិយម ទាក់ទងនឹងកាងារទប់ស្កាត់ការរំលោភចាក់ដីចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ  និងបានធ្វើការណែនាំដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុក ឲ្យយកចិត្តទុកដាក់អនុវត្តតាមស្មារតីនៃលិខិតដើម្បីឈានទៅលុបបំបាត់ការរំលោភបំពានដោយចាក់ដីចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ  ពីសំណាក់ជនខិលខូច។

      គួរបញ្ចាក់ថា ខេត្តកំពង់ចាមរកឃើញករណីអ្នកជម្ងឺកូវីដ១៩ ចំនួន១៦នាក់ (ជនជាតិអាមេរិច ២នាក់ អង់គ្លេស៥នាក់ ម៉ាឡេស៊ី៨នាក់ និងជនជាតិខ្មែរ១នាក់) អ្នកទាំងនោះបានជាសោះស្បើយនិងបានវិលត្រឡប់លំនៅដ្ឋានវិញរៀងៗខ្លួន។ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីលដាលនៃជម្ងឺកូវីដ១៩ គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ បានរៀបចំកន្លែងស្នាក់នៅដាច់ដោយឡែកចំនួន០៣ទីតាំង ដែលមាន១៧៩បន្ទប់ ស្មើ៧៥៦បន្ទប់ សម្រាប់ត្រៀមបម្រុងឆ្លើយតប។

      ជាមួយគ្នានេះ អាជ្ញាធរគ្រប់លំដាប់ថា្នក់ បានបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយចុះអប់រំដល់ប្រជាពលរដ្ឋឱ្យចេះរក្សាអនាម័យ តាមរយៈឧគ្ឃោសនសព្ទចល័ត តាមទីប្រជុំជនក្នុងក្រុង-ស្រុក និងអចល័តតាមសាលាឃុំ-សង្កាត់ ទីវត្តអារាម វិហារសាសនា ផ្សព្វផ្សាយតាមបណ្តាញសង្គម និងចែកខិតប័ណ្ណតាមផ្ទះ បន្ថែមពីនេះដើម្បីជាការពញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋ គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ បានរៀបចំយុទ្ធនាការចុះអប់រំ ផ្សព្វផ្សាយ និងចែកម៉ាស់ជូនប្រជាពលរដ្ឋដែលមកកំសាន្តតាមសួនសាធារណៈក្នុងក្រុងកំពង់ចាម៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ