រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
May 25, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង។ ក្នុងកិច្ចប្រជុំនេះ ក៏មានការត្រួតពិនិត្យ និងបូកសរុបលទ្ធផល នៃការអនុវត្តការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែឧសភាផងដែរ។

      អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

      មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការ អរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច គណៈបញ្ជាការឯកភាព ក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់លើការងារពង្រឹងសន្តិសុខសុវត្ថិភាព ការអនុវត្តច្បាប់ចរណ៍ផ្លូវគោកថ្មី ការឧបត្ថម្ភគាំទ្រជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងការចូលរួម យុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នាពេលកន្លងមក និងកំពុងបន្តធ្វើនាពេលបច្ចុប្បន្ន។ ជាមួយនេះឯកឧត្ដម ក៏បានថ្លែងនូវការអរគុណចំពោះកងកម្លាំងនគរបាល អាវុធហត្ថ អាជ្ញាធរក្រុង និងកម្លាំងពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជួយអន្តរាគមន៍ពន្លត់ករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។

      ជាចុងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១.បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តឲ្យបានល្អប្រសើរ។
២.បន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានតឹងរ៉ឹងបំផុត។
៣.រដ្ឋបាលក្រុង-ស្រុកត្រូវសហការពន្លឿនការងារធ្វើអត្តសញ្ញាណកម្មក្រីក្រនៅមូលដ្ឋាន ឱ្យទាន់ពេលវេលា និងចំទិញដៅស្របតាមការកំណត់របស់ក្រសួងមហាផ្ទៃ។
៤.រដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងវិធានការអនុវត្តក្នុងការគ្រប់គ្រង និងថែរក្សាការពារដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសទប់ស្កាត់ការរំលោភដីចំណីផ្លូវ ចំណីទន្លេ បឹង បួរ ព្រែក។
៥.ត្រូវបន្តទប់ស្កាត់រាល់ការសាងសង់ខុសច្បាប់ និងសំណង់អនាធិបតេយ្យគ្រប់ប្រភេទ និងជំរុញប្រជាពលរដ្ឋស្នើសុំច្បាប់អនុញ្ញាតសាងសង់ឲ្យបានត្រឹមត្រូវ ។
៦.បន្តពង្រឹងការយុទ្ធនាការផ្សព្វផ្សាយអប់រំទៅដល់ប្រជាពលរដ្ឋពាក់ព័ន្ធនិងជំងឺឆ្លងកូវីដ១៩។
៧.បន្តការសហការចូលរួមឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ បញ្ហាជីវភាពដោយសារជំងឺកូវីដ១៩នៅក្នុងខេត្តស្វាយរៀង។
៨.អាជ្ញាធរក្រុង ស្រុក ត្រូវអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់សង្គមផ្សេងៗ ដូចជាខ្យល់កន្ត្រាក់ រន្ទះ អគ្គីភ័យ និងចុះអន្តរាគមន៍ជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។
៩.មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ។
១០.មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវជំរុញ និងគាំទ្រដល់ការងារបង្កបង្កើនផល និងការដាំដុះដំណាំផ្សេងៗ ជាពិសេសដំណាំ បន្លែដែលងាយដាំ និងផ្ដល់ផលក្នុងរយៈខ្លឺ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ