អាជ្ញាធរខេត្តសៀមរាប អញ្ជើញចូលរួមចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៦៦គ្រួសារ
May 25, 2020 អ្នកទស្សនា :

      បងប្អូនគ្រួសាររងគ្រោះរលំផ្ទះ របើកដំបូល និង រងរបួស ដោយសាខ្យល់កន្ត្រាក់ ចំនួន៦៦គ្រួសារ មកពីស្រុកស្វាយលើ និង ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានទទួលអំណោយពីកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឲ្យឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត កាលពីព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២០ នៅបរិវេណសាលាឃុំ ពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងនោះ ស្រុកសូទ្រនិគម មាន៥៩គ្រួសារ (រលំទាំងស្រុង ១០គ្រួសារ ផ្ទះខូចខាតធ្ងន់៤៩គ្រួសារ)រងរបួស១នាក់ និង  ស្រុកស្វាយលើ មាន ៧គ្រួសារ (រលំទាំងស្រុង ១គ្រួសារ និង ផ្ទះខូចខាតធ្ងន់ ៦គ្រួសារ)។ 

      លោក ម៉ក់ ប្រុស ប្រធានអនុសាខាកាកបាទក្រហម ស្រុកសូទ្រនិគម និងលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានសំណេះសំណាលរួចមក នាឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ 

      ឯកឧត្តមក៏បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះ មហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។  

      ក្នុងនោះដែរឯកឧត្តមក៏បានបានសំណូមពរដល់បងប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដានព័ត៌មានពីការប្រែប្រួលអាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយម និងត្រូវត្រៀមបង្ការចំពោះគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលអាចកើតឡើងជាយថាហេតុ។ ម៉្យាងទៀតក្នុងពេលចំពោះមុខនេះ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជម្ងឺកូវីដ-១៩ និង ត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល សំខាន់ត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ លាងដៃនឹងទឹកសាប៊ូឲ្យបានស្អាតជាប្រចាំ ឬ អាល់កុល ជែល និង ពាក់ម៉ាស (ក្នុងទីសាធារណៈ) ឬ ប្រើក្រមា និង ក្រដាសជូតមាត់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និង រក្សាគម្លាតសុវត្ថិភាព។ 

      អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនរួមមាន មុង១ ភួយ១ សារុង១ ក្រមា១ តង់១ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម ក្នុងមួយគ្រួសារ ក្នុងនោះគ្រួសាររលំផ្ទះ ទទួលថវិកា២សែនរៀល និង គ្រួសារផ្ទះខូចខាតធ្ងន់ ថវិកា ចំនួន១សែនរៀល រួមទាំងអ្នករងរបួសផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ