អភិបាលខេត្តកោះកុង បន្តអញ្ជើញអមដំណើររដ្ឋមន្ត្រីក្រសួងកសិកម្ម និងប្រតិភូរាជរដ្ឋាភិបាល ចុះពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់ប្រជាពលរដ្ឋ នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
May 24, 2020 អ្នកទស្សនា :

      ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ចុះមកពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់លោក សេង ចន្ថា នៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

      លោក សេង ចន្ថា កំពុងចិញ្ចឹមត្រីឆ្ពង់ក្នុងបែចំនួន ១៨ ដាក់កូនត្រី ៦០០-៧០០ក្បាល/បែ។ ទីផ្សារបច្ចុប្បន្នត្រីឆ្ពង់មានតម្លៃ ១៥,០០០រៀល/គក្រ តម្លៃនេះធ្លាក់ចុះបន្តិច ដោយមូលហេតុគ្មានការបញ្ជារទិញការរៀបចំពីធីបុណ្យ ការរៀបចំអាពាហ៍ពិពាហ៍ និងភោជនីយដ្ឋាន បន្ទាប់ពីមានវិបត្តិ នៃការរីរាលដាលជំងឺឆ្លងសកលកូវិដ-១៩ ដែលជាហេតុមានសល់ត្រីក្នុងបែ និងលើសទម្ងន់។ 

      ពិនិត្យឃើញទិដ្ឋភាព និងសកម្មភាពចិញ្ចឹមត្រីក្នុងបែរួចមក ឯកឧត្ដមរដ្ឋមន្រ្តី និងលោកជំទាវអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រីឆ្ពង់ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងខេត្ត រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។ បើទោះជាតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យពួកគាត់បន្តរក្សាមុខរបរនេះ រង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ពីព្រោះនេះគឺជាអាជីពយ៉ាងរឹងមាំ និងជាប្រភពចំណូលក្នុងគ្រួសារ យើងមានបទពិសោធន៍ និងចុះទុនវិនិយោគជាច្រើន ដូច្នេះត្រូវអត់ធ្មត់ តស៊ូរង់ចាំឱកាសល្អវិញ។

      ឆ្លៀតយកឱកាសនេះ លោកបានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយទំនាក់ទំនងរកឈ្មួញនៅទីក្រុងភ្នំពេញ និងទីផ្សារក្រៅពីខេត្តព្រះសីហនុ ដើម្បីជួយរំដោះផលត្រីដែលមានក្នុងស្តុក។ នៅក្នុងស្ថានភាពល្អប្រសើរគួរជួយរៀបចំផែនការផលិតកម្ម និងអនុវត្តបច្ចេកទេសបានត្រឹមត្រូវដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់។ 

      សូមជម្រាបជូនថា តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង បានឱ្យដឹងថា នៅទូទាំងខេត្តការចិញ្ចឹមត្រីក្នុងបែបានចំនួន ១៦០បែ អាចប្រមូលផលបាន ៦៥តោន ការចិញ្ចឹមត្រីទឹកប្រៃក្នុងស្រះមាន ៥ស្រះ អាចប្រមូលផលបាន ២៥តោន ការចិញ្ចឹមគ្រែងឈាមលើផ្ទៃដី ៥២៤ហត ប្រមូលផលបាន ១៤,០០០តោន ការចិញ្ចឹមគ្រំចំពុះទាលើផ្ទៃដី ៨ ហិកតា ប្រមូលផលបាន ៣៥០តោន សរុបបរិមាណផលត្រីទឹកប្រៃ គ្រែង គ្រំ ចំនួន ១៤,៤៥០ តោនក្នុង១ឆ្នាំ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ