ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តប៉ៃលិន និងព្រះសង្ឃ ចុះធ្វើការសម្អាតអនាម័យសាធារណៈ ដើម្បីលើកកំពស់សោភ័ណភាពខេត្ត
May 24, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងព្រះសង្ឃ បានចុះរៀបចំសណ្តាប់ធ្នាប់ និងសម្អាតអនាម័យសាធារណៈ នៅតាមដងផ្លូវសាធារណៈ និងតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីលើកកំពស់អនាម័យសាធារណៈ និងសោភ័ណភាពខេត្ត។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការរួមគ្នាធ្វើអនាម័យបរិស្ថាននាពេលនេះ គឺជាការដាស់តឿន និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការភ្ញាក់រលឹក ព្រមទាំងចូលរួមធ្វើអនាម័យ និងបរិស្ថានក្នុងខេត្តឱ្យមានសោភ័ណភាពល្អ ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត ជាពិសេសគឺទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ កន្លងមក រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមគម្រប់បរិស្ថានពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពធម្មជាតិស្រស់បំព្រង។

      នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺត្រូវរួមគ្នាសំអាតនៅមុខផ្ទះ និងម្ចាស់ទីតាំងអាជីវកម្មរបស់ខ្លួន ឲ្យបានជាប្រចាំ ហើយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបយើងអាចសម្អាតអនាម័យបរិស្ថានបានល្អ និងមានសោភ័ណភាព។

      សូមបញ្ជាក់ថា៖ រយៈពេល ១ព្រឹក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងព្រះសង្ឃ ប្រមាណជាង ២០០អង្គ/នាក់ បានធ្វើការសម្អាតអនាម័យ តាមដងផ្លូវចាប់ពីចំនុចវិមានឯករាជ្យ រហូតដល់តំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត ដែលស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ