អាជ្ញាធរខេត្តប៉ៃលិន បើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែងជាង៥គីឡូម៉ែត្រក្រវ៉ាត់ព្រំដែនកម្ពុជា ថៃ ដើម្បីឆ្លើយតបទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ
May 24, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែន ១ខ្សែរ ឆ្លងកាត់ភូមិចំនួន ២ នៅជាប់ព្រំដែនកម្ពុជា+ថៃ (ខេត្តប៉ៃលិន និងខេត្តចាន់បុរី) គឺភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ផង និងជាយុទ្ធសាស្ត្រការពារបូរណៈភាពទឹកដីផង។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមមាគ៌ាដឹកនាំដ៍ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ សែន និងក្រោមគោលនយោបាយឈ្នះៗ បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការកសាងសមិទ្ធផលនាថ្ងៃនេះ គឺជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការធ្វើដំណើរឱ្យមានភាពកាន់តែងាយស្រួល ហើយរដ្ឋបាលខេត្តប៉ៃលិន នឹងខិតខំបន្តចុះជួយដោះស្រាយនូវរាល់សំណូមពរ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។

      នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពិសេសផ្លូវថ្នល់នេះតែម្តង ព្រោះថាការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ម្យ៉ាងទៀតប្រជាពលរដ្ឋដែលនៅរស់នៅសងខាងផ្លូវនេះ មេត្តាយោគយល់ និងអធ្យាស្រ័យ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យសមិទ្ធផលថ្មីនេះ សម្រេចបានទៅតាមការគ្រោងទុកនិងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។

      សូមបញ្ជាក់ថា៖ ផ្លូវក្រវ៉ាត់ព្រំដែនមួយខ្សែរដែលបើកការដ្ឋានស្ថាបនានាពេលនេះ មានប្រវែង ៥២០០ម៉ែត្រ ទទឹង២៥ ម៉ែត្រ ក្នុងនោះក្រាលបូតុងអាមេ ប្រវែង ១៥០០ម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣៧០០ម៉ែត្រ ព្រមទាំងកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវ ប្រវែង ១០៤០០ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ