អភិបាលខេត្តកណ្តាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនពលរដ្ឋមានការសង្ស័យ និងស្និទ្ធស្នាលជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១២នាក់ ដែលត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ
April 06, 2020 អ្នកទស្សនា :

      ខេត្តកណ្តាល៖ បងប្អូនខ្មែររស់នៅភូមិបារ៉ែនក្រោម ឃុំស្វាប្រទាល ស្រុកស្អាង ខេត្តកណ្តាល ចំនួន១២នាក់ ដែលបានស្និទ្ធស្នាលជាមួយ អ្នកឆ្លងជំងឺកូវីដ១៩(COVID-19) ហើយបាននៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅលំនៅឋានវិញ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ ពិនិត្យ តាមដាន ពីក្រុមគ្រូពេទ្យជំនាញរបស់ខេត្ត ដោយមិនបានរកឃើញមានផ្ទុកមេរោគកូវីដ១៩ឡើយ។ 

      ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រគល់ជូនផ្ទាល់ដៃដល់បងប្អូនទាំង១២នាក់។ 

      ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការសប្បាយរីករាយ ចំពោះបងប្អូនខ្មែរទាំង១២នាក់ ដែលមិនបានឆ្លងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរថ្មី(កូវីដ១៩) និងបានពាំនាំការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេរ តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

       ឯកឧត្ដម បានផ្តាំផ្ញើ ពេលវិលត្រឡប់ទៅដល់លំនៅឋានវិញ សូមបន្តអនុវត្តនូវការណែនាំរបស់ក្រុមគ្រូពេទ្យឲ្យបានហ្មត់ចត់នូវការថែទាំខ្លួនឯង ដោយការហាត់ប្រាណ ការរក្សានូវអនាម័យខ្លួនប្រាណ និងសូមជួយផ្សព្វផ្សាយបន្តនូវសាររបស់ក្រសួងសុខាភិបាល ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផង ។

       ប្រជាពលរដ្ឋទាំង១២នាក់ បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ពិនិត្យ និងតាមដាន ព្រមទាំងឯកឧត្ដមអភិបាលខេត្តកណ្ដាល ពិសេសសម្ដេចតេជោនាយយករដ្ឋមន្ត្រី ដែលបានខិតខំយកចិត្តទុកដាក់ ដោយមិនរើសអើង ឬប្រកាន់អ្វីឡើយ និងបានអំណាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ រក្សាអនាម័យជាប្រចាំ ពិសេសត្រូវអនុវត្តអោយបាន តាមការណែនាំរបស់ក្រសួងសុខាភិបាល។

       អំណោយដែលបានផ្តល់ជូនមាន ៖ អង្ករ ៣០គីឡូក្រាម ,មីខ្លាឃ្មុំ ១កេស ,ទឹកសុទ្ធ ១កេស ,ទឹកដោះគោ៤ប្រអប់ និងថវិកាចំនួន ២០ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ