រដ្ឋបាលខេត្តកំពត រៀបចំពិធីប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរជូនឃុំ សង្កាត់ និងប៉ុស្តីនគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាល ”ភូមិ ឃុំមានសុវត្ថិភាព” ប្រចាំឆ្នាំ២០១៩
April 06, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ ព្រមទាំងថវិការង្វាន់ជ័យលាភី ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ប្រចាំឆ្នាំ២០១៩។

      អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត កងកម្លាំងទាំង៣ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក អធិការនគរបាល នាយក នាយករងទីចាត់ការ និងអង្គភាព ចំណុះសាលាខេត្ត សរុប ៣៨រូប។

      ក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈមានលក្ខណៈល្អប្រសើរលើគ្រប់ផ្នែក ទាំងសន្តិសុខក្នុងភូមិសាស្ត្រខេត្តកំពត ក៏ដូចជាសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។ ជាមួយការអនុវត្តភារកិច្ចដ៏ចាំបាច់នេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធបានចូលរួមយ៉ាងសកម្ម និងសស្រាក់សស្រាំ យកចិត្តទុកដាក់អស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ចូលរួមរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងភាពសុខដុមរមនាជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានចូលមកទស្សនា និងសម្រាកនៅក្នុងខេត្តកំពត។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក្នុងសា្ថនការណ៍ប្រទេសជាតិរបស់យើងដែលកំពុងជួបប្រទះនូវបញ្ហាជំងឺកូវីដ ១៩ កងកម្លាំងប្រដាប់អាវុធប្រភេទ ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការបង្ការ និង ប្រយុទ្ធប្រឆាំងនិងជំងឺដ៏កាចសាហាវនេះ តាមរយៈយុទ្ធនាការផ្សព្វផ្សាយសារជាសម្លេង របស់ក្រសួងសុខាភិបាល ស្តីពីវិធានការអនាម័យសុខភាព ការត្រៀមបម្រុងនូវកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកជំងឺ ការស្រង់ស្ថិតិពលករដែលវិលត្រឡប់មកពីប្រទេសជិតខាង និងចូលរួមអនុវត្តយ៉ាងសកម្មរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត។

      សូមបញ្ជាក់ថា ក្នុងចំណោមឃុំ សង្កាត់ទាំង៩៣ ក្នុងខេត្តកំពត មានឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន៦៩ ទទួលបាន ជ័យលាភីប្រភេទលេខ១ ឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន២៣ ទទួលបានជ័យលាភីប្រភេទលេខ២ និងឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន០១ ទទួលបានជ័យលាភីប្រភេទលេខ៣៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ