អភិបាលខេត្តស្វាយរៀង អញ្ជើញស្វាគមន៍ និងទទួលថវិកា៩លានរៀល ពីប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា សម្រាប់យកទៅចាត់ចែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
April 04, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកា ចំនួន៩លានរៀល ពីឯកឧត្តម សុខ ឥសាន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ និងជាប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា សម្រាប់យកទៅចាត់ចែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលក្នុងនោះឧបត្ថម្ភរដ្ឋបាលខេត្តស្វាយរៀង ថវិកា ១លានរៀល និងឧបត្ថម្ភដល់ក្រុង ស្រុកទាំង៨ ក្នុង ១ក្រុង ស្រុក ថវិកា ១លានរៀល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ លោកនាយករដ្ឋបាលសាលាខេត្ត និងលោកអភិបាលក្រុង ស្រុកទាំង៨។

      ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវអំណរគុណចំពោះ ឯកឧត្តម សុខ ឥសាន និងប្រតិភូព្រឹទ្ធសភា ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃនាំយកថវិកាឧបត្ថម្ភដល់រដ្ឋបាលខេត្ត និងរដ្ឋបាល ក្រុង ស្រុក ដែលថវិកាទាំងនេះពិតជាមានសារៈសំខាន់ណាស់ ឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាខេត្តស្វាយរៀង កំពុងអនុវត្តវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

      ឯកឧត្ដមអភិបាលខេត្ត ក៏បានជម្រាបជូនឯកឧត្ដមអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ ផងដែរថា រហូតមកដល់ពេលនេះ ពុំទាន់មានប្រជាពលរដ្ឋខេត្តស្វាយរៀងណាម្នាក់ឆ្លងជំងឺកូវីដ១៩នៅឡើយទេ ហើយចំពោះប្រជាពលរដ្ឋដែលទើបត្រឡប់មកពីក្រៅប្រទេស ជាពិសេសប្រទេសថៃ ត្រូវបានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត យកចិត្តទុកដាក់បំផុត តាមរយៈការចាត់តាំងមន្ត្រីសុខាភិបាលធ្វើការពិនិត្យ និងតាមដានសុខភាពជាប្រចាំ ព្រមទាំងតម្រូវឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ និងក្នុងករណីមានការសង្ស័យបញ្ជូនទៅពិនិត្យព្យាបាលជាបន្ទាន់នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋដែលខេត្តបានត្រៀមទុកទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក។

      ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ចំពោះថវិកាទាំងអស់ដែលទទួលបាននៅថ្ងៃនេះ នឹងត្រូវយកទៅចាត់ចែងសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសក្នុងការគាំទ្រដល់ដំណើរការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ