អភិបាលខេត្តស្វាយរៀង អញ្ជើញទទួលសម្ភារពេទ្យសម្រាប់ប្រើប្រាស់ការពារជំងឺកូវីត-១៩ ដែលឧបត្ថម្ភដោយប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង
April 02, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមទទួលយកអំណោយជាជែល(GEL) លាងដៃសម្លាប់មេរោគ ៨កេស ស្មើនឹង ៣៨៤ដប ដែលឧបត្ថម្ភដោយលោក ស៊ីង ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង។

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះលោកប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ ដែលបានឧបត្ថម្ភជាជែលលាងដៃសម្លាប់មេរោគ សម្រាប់រដ្ឋបាលខេត្តប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩។ ជាមួយនេះ ឯកឧត្ដអភិបាលខេត្ត បានបញ្ជាក់ថា នាពេលបច្ចុប្បន្ន បើទោះបីជាខេត្តស្វាយរៀងមិនទាន់មានអ្នកឆ្លងជំងឺកូវីត-១៩ ប៉ុន្តែរដ្ឋបាលខេត្ត គឺនៅតែបន្តយកចិត្តទុដាក់បំផុត ពង្រឹងការអនុវត្តទាំងវិធានការការពារ និងវិធានការផ្សព្វផ្សាយអប់រំណែនាំដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរាលដាល នៃជំងឺនេះ ហើយក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាខេត្តស្វាយរៀង កំពុងអនុវត្តវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ អំណោយជាជែលលាងដៃរបស់តំបន់សេដ្ឋកិច្ចពិសេសឈីលូនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះថា ជែល ឬអាល់កុល នាពេលបច្ចុប្បន្ន ប្រៀបបានជាអាវុធការពារខ្លួនដូច្នេះដែរ ដែលឯកឧត្ដមនឹងចាត់ចែងជែលនេះសម្រាប់គាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ទាំងអស់តែម្ដង។

      ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសម្ដែងនូវការកោតសរសើរចំពោះការរីកចម្រើនក្នុងដំណើរការវិនិយោគរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសឈីលូនាពេលកន្លងមក ដែលការរីកចម្រើនទាំងនេះបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតការងារធ្វើជាច្រើនកន្លែងសម្រាប់ប្រជាជនខេត្តស្វាយរៀង ធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់មានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្ដមអភិបាលខេត្ត នឹងនៅតែបន្តការការពារសន្តិសុខសុវត្ថិភាពឲ្យបានល្អប្រសើរ គាំទ្រ និងត្រៀមសហការជានិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្ត និងបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង ចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុន។

      ជាចុងបញ្ចប់ ឯកឧត្ដម ក៏បានស្នើដល់លោកប្រធានតំបន់បន្តចូលរួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ការប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ ជាពិសេសយកចិត្តទុកដាក់ចូលរួមអនុវត្តនូវវិធានការនានាដែលណែនាំដោយក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីធានាបាននូវសុខុមាលភាពល្អប្រសើរជូនបងប្អូនកូនក្មួយកម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅតាមបណ្ដារោងចក្រនានាក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ