អាជ្ញាធរខេត្តឧត្ដរមានជ័យ បន្តចុះសំណេះសំណាលសួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយណែនាំស្តីពីជំងឺ Covid-19 ជូនដល់ប្រជាពលរដ្ឋនៅសង្កាត់កូនក្រៀលចំនួន៤០៨គ្រួសារ
March 31, 2020 អ្នកទស្សនា :

      ខេត្តឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំក្រុមការងារ ចុះជួបសួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយណែនាំស្តីពីជំងឺ Covid-19 ដល់ប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ចំនួន ៤០៨គ្រួសារ ក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ព្រមទាំងបានឧបត្ថម្ភស្បៀងអាហារមួយចំនួន ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីជួយដោះស្រាយជីវភាពរបស់ពួកគាត់មួយរយៈពេល បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ (Covid-១៩)។

      ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងទៅកាន់ប្រជាពលរដ្ឋថា នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរកឃើញមានអ្នកឆ្លងជំងឺនេះក៏ដោយ ប៉ុន្តែសម្រាប់ខេត្តឧត្ដរមានជ័យ រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ មានអ្នកឆ្លងជំងឺនេះនៅឡើយទេ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃមកនេះ មានពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេសរាប់ពាន់នាក់ បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើតវិញ ដោយមិនបានដឹងថា ក្នុងចំណោម មនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគ COVID-19 ឬអត់នោះទេ។ ដូច្នេះដើម្បីទប់ស្កាត់កុំអោយមានការចម្លងជំងឺនេះ ក៏ដូចជាដើម្បីជួយសង្គ្រោះ និងព្យាបាលដល់ជនរងគ្រោះដែលមានផ្ទុកជំងឺនេះ ឲ្យបានទាន់ពេលវេលា គណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្តឧត្ដរមានជ័យ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីអនុវត្តន៍តាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ដោយជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មន្រ្តីជំនាញពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នា ចុះផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមបង្ការ និងទប់ស្កាត់ជំងឺ COVID-19នេះទាំងអស់គ្នា។
      ឯកឧត្ដម បានបន្តថា ដោយសារការព្រួយបារម្ភជាខ្លាំង ចំពោះជំងឺកូវីដ-១៩ ធ្វើឱ្យក្រុមហ៊ុន សហគ្រាស និងកន្លែងការងារមួយចំនួនត្រូវបានបិទទ្វារ បណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួនអត់ការងារធ្វើ ហើយពលរដ្ឋខ្លះ ដែលធ្វើជាពលករនៅក្រៅប្រទេស ត្រូវបង្ខំចិត្តវិលត្រឡប់មកកាន់ស្រុកកំណើត និងលំនៅដ្ឋានវិញ ដូច្នេះធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមគ្រួសារ ហើយជាក់ស្តែងនៅថ្ងៃនេះ អាជ្ញាធរខេត្ត និងក្រុមការងារ បាននាំយកអំណោយស្បៀងមកឧបត្ថម្ភដល់បងប្អូននៅតាមខ្នងផ្ទះ ព្រោះមិនអាចធ្វើការប្រមូលផ្តុំមនុស្សច្រើនបាន។ បើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតម្រូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុំពូមីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើតផលដាំដំណាំឱ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពឱ្យបានធូធាជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់នៅកន្លែងសាធារណៈ និងលាងសម្អាតដៃឱ្យបានជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩។

      សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤០៨គ្រួសារ នៅសង្កាត់កូនក្រៀល បានទទួលអំណោយស្បៀងពីអាជ្ញាធរខេត្ត ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម, អំបិល០១ កញ្ចប់, ប៊ីចេង០១ កញ្ចប់, ទឹកស៊ីអ៉ីវ ១យួរ, ក្រម៉ា២សម្រាប់, និងថវិកាមួយចំនួនទៀត ក្នុងនោះដែរឯកឧត្ដម បានឧបត្ថម្ភថវិកាចំនួន ២លានរៀល, ម៉ាស់២ពាន់, និងក្រម៉ា៥០សម្រាប់ ជុូនដល់មន្ត្រីចត្តាឡីស័កដែលប្រចាំការនៅច្រកទ្វាព្រំដែនអន្តរជាតិ៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ