លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឲ្យគណៈប្រតិភូក្រុមគ្រូពេទ្យចិន ចូលជួបពិភាក្សាការងារ និងចែករំលែកបទពិសោធ ក្នុងការព្យាបាល និងទប់ស្កាត់ជំងឺ Covid-19 នៅកម្ពុជា
March 27, 2020 អ្នកទស្សនា :

      នារសៀលថ្ងៃសុក្រ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ គណៈប្រតិភូក្រុមគ្រូពេទ្យចិន ដឹកនាំដោយលោក អៃ ស៊ាង (AI XIANG) អនុប្រធានការិយាល័យសុខាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលជួបពិភាក្សាការងារជាមួយ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីធ្វើការចែករំលែកបទពិសោធ ក្នុងការព្យាបាល និងទប់ស្កាត់ជំងឺ Covid-19 នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ។

      លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថ្លែង អំណរគុណ ដល់គណៈប្រតិភូក្រុមគ្រូពេទ្យចិន ដែលបានអញ្ជើញមកកាន់ ខេត្តព្រះសីហនុ និងបានជម្រាបជូនអំពីវិធានការទប់ស្កាត់ Covid-19 ទី១. នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ទី២.ច្រកកំពង់ផែសមុទ្រ និងទី៣.ការផ្សព្វផ្សាយទប់ស្កាត់នៅតាមមូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុក។ យើងក៏បានសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ Airline ក្នុងការតាមដាន ស្ថានភាពភ្ញៀវនៅលើយន្តហោះ។ លោកក៏បានជម្រាបជូនប្រតិភូផងដែរថា កាលពីខែកុម្ភៈកន្លងមក កម្ពុជាបានទទួលនាវា Westerdam ឱ្យចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការទទួលស្វាគមន៍ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលមានប្រទេស៦ ផ្សេងទៀត មិនអនុញ្ញាតឱ្យចូលចត ទាំងនេះគឺបង្ហាញអំពីទឹកចិត្តមនុស្សធម៌របស់កម្ពុជា ទៅកាន់សកលលោក។ 

      លោក ម៉ាង ស៊ីណេត បន្តថានៅខេត្តព្រះសីហនុមានអ្នកជំងឺ Covid-19 ចំនួន ៣៦នាក់ ក្នុងនោះមានជនជាតិចិន ១នាក់(បានជាសះស្បើយ) ជនជាតិខ្មែរ ២នាក់(ជាអ្នកបកប្រែ) និង ជនជាតិបារាំង៣៣នាក់ កំពុងសម្រាកព្យាបាលនៅ សណ្ឋាគារមួយដោយដាក់នៅដាច់ដោយឡែកពីគ្នា។

      លោក អៃ ស៊ាង (AI XIANG) បានជំរាបជូនលោកអភិបាលរងខេត្តថា វិធានការ ផ្សព្វផ្សាយរបស់ចិន និងកម្ពុជា អំពីវិធីការពារ និងទប់ស្កាត់ជំងឺ Covid-19 ជូនដល់សាធារណជនមានប្រហាក់ប្រហែលគ្នាក៍ប៉ុន្តែការព្យាបាលមានការខុសគ្នាខ្លះ។ ជាមួយគ្នានេះដែរ ដោយសារប្រទេសចិន និងប្រទេសកម្ពុជាមានទំនាក់ទំនង ល្អ និងចំណងការទូតដ៍រឹងមាំ ទើបរដ្ឋាភិបាលចិន បានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកជួយព្យាបាលទប់ស្កាត់ជំងឺ Covid-19 នៅកម្ពុជា ដោយក្រុមគ្រូពេទ្យរបស់លោក បានធ្វើការងារជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីចែករំលែកបទពិសោធ និងវិធីសាស្ត្រក្នុងការព្យាបាល និងការទប់ស្កាត់ការឆ្លងជំងឺ Covid-19  មានដូចជា៖

ទី១.ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យនៅឆ្ងាយពីជនបរទេស ឬជនចំណូលថ្មី។ 

២.ទប់ស្កាត់ជំងឺដែលនាំចូលពីក្រៅប្រទេស។

៣.ការព្យាបាល។

៤.បណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាលនៅតាមរាជធានី ខេត្ត អំពីការធ្វើតេស្ត និងការពិសោធ

៥.បណ្តុះបណ្តាលក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យក្នុងការព្យាបាលជំងឺ Covid-19។ 

      ក្នុងនោះផងដែរលោក អៃ ស៊ាង (AI XIANG)  ចង់ឱ្យខេត្តនីមួយៗ មានមន្ទីរពិសោធន៍ខ្លួនឯង ដោយមិនចាំបាច់ នាំយកនូវសំណាកទៅកាន់ រាជធានីភ្នំពេញនាំឱ្យខាតពេលវេលា។

      ជាមួយគ្នានេះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានថ្លែង អំណរគុណដល់ លោក អៃ ស៊ាង (AI   XIANG)  និងគណៈប្រតិភូទាំងអស់ ដែលបានធ្វើការចែករំលែកនូវបទពិសោធល្អៗពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ។ ជាចុងបញ្ចប់ លោក ម៉ាង ស៊ីណេត ក៏បានស្នើសុំទៅ រដ្ឋាភិបាលចិន តាមរយៈ លោក អៃ ស៊ាង (AI XIANG) ដែលជាប្រធានប្រតិភូ នូវសម្ភារ:បរិក្ខារដើម្បីធ្វើការព្យាបាល និងទប់ស្កាត់ Covid-19 នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុបន្ថែមទៀតផងដែរ៕

ប្រភព: រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ