អភិបាលខេត្តកណ្តាល ចុះពិនិត្យវិទ្យាល័យ ហ៊ុន សែន តាខ្មៅ សម្រាប់ដាក់ប្រជាពលរដ្ឋដែលមានការស្និតស្នាលជាមួយអ្នកមានផ្ទុក Covid-19 និងប្រជាពលរដ្ឋដែលមានការសង្ស័យ ដាក់ដាច់ដោយឡែករយៈពេល ១៤ថ្ងៃ
March 27, 2020 អ្នកទស្សនា :

      ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញ និងកងកម្លាំងទាំង៣ ចុះពិនិត្យទីតាំងផ្ទាល់នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាទីតាំង សម្រាប់ដាក់ប្រជាពលរដ្ឋ ដែលមានការស្និតស្នាលជាមួយអ្នកដែលមានផ្ទុក covid-19 និងប្រជាពលរដ្ឋដែលមានការសង្ស័យ អោយនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។

      មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្ដមអភិបាលខេត្ត បានអោយដឹងថា នៅទីតាំងសាលាវិទ្យាល័យ ហ៊ុន សែន តាខ្មៅនេះ ជាទីតាំងមួយដែលខេត្តបាន ត្រៀមសម្រាប់ដាក់អ្នកដែលមានការសង្ស័យ ថាមានផ្ទុកជំងឺកូវីដ១៩ អោយនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ។

      ឯកឧត្ដមអភិបាលខេត្ត បន្ថែមថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល ដែលមានការសង្ស័យ ថាមានផ្ទុកជំងឺកូវីដ១៩ បានមកពិនិត្យ តាមដាន និងព្យាបាល នៅក្នុងវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មានចំនួន៣២នាក់។ ឯកឧត្ដមបានអោយដឹងទៀតថា ទូទាំងខេត្តកណ្តាលមានអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន០២ ដែលអ្នកទាំង០២ នាក់ រស់នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ ហើយចំពោះប្រជាពលរដ្ឋដែលមានការសង្ស័យ ទាំង៣២នាក់ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ ពិនិត្យ តាមដាន និងបានផ្ដល់អាហារ ៣ពេល ក្នុង១ថ្ងៃ។

      ឯកឧត្ដមបានអោយដឹងទៀតថា ខេត្តកណ្តាលបានត្រៀមទីតាំង ចំនួន៣កន្លែង សម្រាប់ដាក់អ្នកដែលមានការសង្ស័យ ថាមានផ្ទុកជំងឺកូវីដ១៩ ដែលទីតាំងទី១ គឺវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មានអគារចំនួន២ ទីតាំងទី២ ផ្ទះសំណាក់១កន្លែង ស្ថិតក្នុងក្រុងតាខ្មៅ ដែលមាន៤៥បន្ទប់ និងទីតាំងទី៣ គឺមណ្ឌលសុខភាពកម្មករ តេជោសែន វិហារសួគ៌ ស្ថិតក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល និងមានគ្រូពេទ្យជំនាញទាំងអស់ចំនួន២៨៥នាក់។

      ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមធ្វើអនាម័យជាប្រចាំ ចេញក្រៅត្រូវពាក់ម៉ាស់ លាងសំអាតដៃជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ