អភិបាលខេត្តកណ្ដាល បើកកិច្ចប្រជុំបន្ទាន់ស្ដីពីការចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ ១៩
March 23, 2020 អ្នកទស្សនា :

      ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ១៩ និងវិធានការចំពោះប្រជាពលរដ្ឋដែលបានត្រលប់មកពីប្រទេសថៃ។ ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី កងកម្លាំងទាំង៣ អភិបាលស្រុក ក្រុង និងមន្ទីរអង្គភាពជុំវិញខេត្ត សរុប៩០នាក់។

      មានប្រសាសន៍ក្នុងកិច្ចប្រជុំឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ដោយមានពលករកម្ពុជាប្រមាណជាង១០០០នាក់ បានត្រលប់មកពីប្រទេសថៃ ចូលក្នុងប្រទេសកម្ពុជា តាមច្រកដូង ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។ ហើយពលករទាំងអស់នោះមិនទទួលបានការពិនិត្យយ៉ាងត្រឹមត្រូវពីមន្ត្រីចត្តាឡីស័ក នៅតាមច្រកទ្វាព្រំដែនឡើយ ហើយបងប្អូនពលករទាំងអស់ បានត្រឡប់ទៅស្រុកកំណើតរបស់គាត់រៀងៗខ្លួន។ 

      ដើម្បីបង្ការ និងទប់ស្កាត់ ក្នុងករណីមានពលករណាមួយ មានផ្ទុកជំងឺកូវីដ១៩ ឯកឧត្ដមអភិបាលខេត្ត បានស្នើអោយមន្ត្រីជំនាញ និងលោកអភិបាលក្រុង ស្រុក ពិសេសអាជ្ញាធរ ភូមិ ឃុំ ត្រូវមានវិធានការដួចជា៖
-កំណត់ចំនួនពលករទើបចូលមកពីប្រទេសថៃអោយបានជាក់លាក់ តាមភូមិ ឃុំ ស្រុកនីមួយៗ
-ដាក់ពួកគាត់អោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដោយមិនត្រូវឱ្យពួកគាត់ នៅជិត ឬស្និតស្នាលជាមួយក្រុមគ្រួសារ ឬអ្នកជិតខាងឡើយ ដើម្បីបញ្ចៀសការឆ្លងទៅក្រុមគ្រួសារ ឬអ្នកជិតខាង។
-បើមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។

      ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមទៀតថា ខេត្តកណ្តាលគ្រោងនឹងយកសាលារៀនចំនួន២កន្លែង ដើម្បីត្រៀមក្នុងករណីមានការឆ្លងធ្ងន់ធ្ងរ សំរាប់ជាកន្លែងដាក់ និងព្យាបាលអ្នកជម្ងឺ COVID-១៩ ក្នុងខេត្តកណ្តាល។

      ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញអោយមន្ទីរអង្គភាពពាក់ព័ន្ឋ និងអភិបាលក្រុង ស្រុក ត្រូវបន្តចុះអប់រំ និងផ្សព្ធផ្សាយ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានភូមិ ឃុំ ស្រុករបស់ខ្លួន នៅវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្តុំគ្នា ចេញក្រៅពាក់ម៉ាស់អោយបានត្រឹមត្រូវ និងការបង្កានៃការឆ្លងវិរុសកូវិដ១៩នេះ។ ហើយស្រុក ក្រុង ត្រូវរៀបចំបង្កើតគណៈកម្មការ ក្នុងការចាត់តាំងអនុវត្តអោយបានច្បាស់លាស់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩នេះ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ