រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំគណៈកម្មការ ដើម្បីដាក់ចេញនូវវិធានការឆ្លើយតបទៅនឹងស្ថានការ នៃការរីករាលដាលនៃជំងឺកូវីដ-១៩
March 23, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ដើម្បីដាក់ចេញនូវវិធានការចំពោះមុខឆ្លើយតបទៅនឹងស្ថានការនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅលើពិភពលោក។

      កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថារហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជារបស់យើងមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៦នាក់ នៅតាមបណ្ដារាជធានី-ខេត្ត ចំនួន១៣ ហើយបើទោះបីជាខេត្តស្វាយរៀងមិនទាន់មានអ្នកឆ្លងជំងឺកូវីត-១៩ ក៏ពិតមែន ប៉ុន្តែយើងក៏មិនត្រូវធ្វេសប្រហែសនោះដែរ គឺត្រូវតែមានវិធានការការពារឲ្យបានម៉ឺងម៉ាត់ដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរាលដាលនៃជំងឺនេះ ដោយរដ្ឋបាលខេត្ត គឺនៅតែបន្ត និងអនុវត្តឲ្យកាន់តែសកម្មថែមទៀតនូវការផ្សព្វផ្សាយអប់រំណែនាំឲ្យកាន់តែទូលំទូលាយ និងផុសផុសជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត នូវវិធានការបង្ការ វិធានការអនាម័យ និងវិធានការចត្តាឡីស័កដែលណែនាំដោយក្រសួងសុខាភិបាល ព្រមទាំងបង្កើន និងពង្រឹងការអនុវត្តវិធានការទាំងនេះ នៅតាមបណ្ដាអង្គភាពរដ្ឋ និងឯកជននៅក្នុងខេត្ត។ 

      ជាមួយនេះ ដើម្បីជាចំណែកមួយនៃការអនុវត្តវិធានការបង្កាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំពោះមុខគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង ដោយមានការឯកភាពយល់ព្រមពីម្ចាស់ទីតាំង បានសម្រេចជ្រើសរើសយកសណ្ឋាគារវ៉ៃគោ និងផ្ទះសំណាក់ស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង រៀបចំជាទីតាំងត្រៀមបម្រុងទុកសម្រាប់ការពិនិត្យ ព្យាបាលប្រជាពលរដ្ឋក្នុងខេត្ត ដែលមានការសង្ស័យ ឬមានផ្ទុកជំងឺកូវីដ-១៩។

      ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃ ឬប្រទេសផ្សេងទៀត ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់គណៈកម្មការខេត្ត ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋាន និងរាយការណ៍ជាប្រចាំថ្ងៃមករដ្ឋបាលខេត្ត ជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនអំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។

      ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត និងក្រុមការងារ ក៏បានចុះពិនិត្យជាក់ស្ដែងនៅទីតាំងសណ្ឋាគារវ៉ៃ និងផ្ទះសំណាក់ស្វាយរៀង ដែលគ្រោងនឹងប្រើប្រាស់ជាទីកន្លែងត្រៀមបម្រុងទុកសម្រាប់ការពិនិត្យ ព្យាបាលជំងឺកូវីត-១៩ ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ