ក្រុមគណៈកម្មការចម្រុះរុះរើ និងបញ្ឈប់សកម្មភាពបំពានលើដីកម្មសិទ្ធិរបស់រដ្ឋ ក្នុងខេត្តសៀមរាប
January 31, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ក្រុមគណៈកម្មការចម្រុះ រួមមាន មន្ត្រីអាជ្ញាធរជាតិអប្សរា សាលាក្រុងសៀមរាប មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះរុះរើរបងថ្មព័ទ្ធលួសបន្លា រោងចាំដីរបស់ឈ្មោះ ហួន សីហា និងបក្ខពួកខ្លួនស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រង់ចំណុចខាងត្បូងក្រោលសេះ។ មូលហេតុនៃការចុះរុះរើ ព្រោះឈ្មោះ ហួន សីហា បានរំលោភយកជាកម្មសិទ្ធិ និងបានធ្វើរបងថ្មព័ទ្ធលួស រោងចាំដី ដាំដើមស្វាយថ្មីធំស្រាប់ ដាក់លូ ចាក់បំពេញអាចមន៍ដី។ល។ លើដីកម្មសិទ្ធិរបស់រដ្ឋ តាំងពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ហើយអាជ្ញាធរជាតិអប្សរាក៏ធ្លាប់បានជូនដំណឹងនិងទុកពេលឱ្យមួយសប្តាហ៍ដើម្បីឱ្យម្ចាស់ដីរុះរើដោយខ្លួនឯងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨មកម្លេះ។ ម្យ៉ាងវិញទៀត ទីតាំងដីកម្មសិទ្ធិរបស់រដ្ឋដែលឈ្មោះហួន សីហា រំលោភយកជាកម្មសិទ្ធិត្រូវបានរដ្ឋបាលខេត្តសៀមរាបធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីរួចមកហើយនៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៧។ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ទីតាំងដែលបានមកអនុវត្តន៍រុះរើនេះ គឺជាក្បាលដីដែលអាជ្ញាធរជាតិអប្សរាបានដោះស្រាយគោលនយោបាយរួចហើយ និងមានឯកសារបញ្ជាក់ច្បាស់លាស់ទទួលស្គាល់ដោយក្រុមការងារអន្តរក្រសួងដោះស្រាយគោលនយោបាយដីធ្លីបុរីទេសចរណ៍វប្បធម៌។ ឯកឧត្តមបន្ថែមថា ក្នុងពេលថ្មីៗកន្លងមកនេះ ស្រាប់តែឈ្មោះ ហួន សីហា មកចូលរំលោភយកជាកម្មសិទ្ធិដោយធ្វើរបងថ្មព័ទ្ធលួសបន្លា ធ្វើរោងចាំដី ដាំដើមស្វាយធំៗស្រាប់ ដាក់លូនិងចាក់ដី ហើយអាជ្ញាធរជាតិអប្សរាក៏បានអញ្ជើញឈ្មោះ ហួន សីហា មកជួបដើម្បីដោះស្រាយ និងបានធ្វើលិខិតទៅឈ្មោះ ហួន សីហា ដើម្បីឲ្យធ្វើការរុះរើចេញដោយខ្លួនឯងក្នុងរយៈ១សប្តាហ៍។ ប៉ុន្តែបុគ្គលនេះ មិនត្រឹមតែពុំទទួលយកនូវសំណូមពររបស់អាជ្ញាធរជាតិអប្សរាទេ តែថែមទាំងបានប្រើប្រាស់អាកប្បកិរិយាមិនសមរម្យ និងបង្ករការលំបាកក្នុងការចុះអនុវត្តការងារដល់មន្ត្រីសាធារណៈ។ អភិបាលក្រុងសៀមរាប លោក សូរ ប្លាតុង បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកចំណូលថ្មី មុននឹងទិញដីនៅតំបន់ណាមួយ ត្រូវសួរប្រវត្តិដីទីនោះឱ្យច្បាស់លាស់សិន ជៀសវាងកុំឱ្យមានបញ្ហាផ្លូវច្បាប់ផ្សេងៗ។ ក្រៅពីនេះ លោកអភិបាលក្រុងក៏ស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសណ្តាប់ធ្នាប់ ពិសេសកុំរំលោភដីចំណីផ្លូវ ត្រូវទុកដើម្បីឱ្យអាជ្ញាធរមានលទ្ធភាពរៀបចំក្រុងឱ្យបានល្អ ប្រយោជន៍ដើម្បីប្រជាពលរដ្ឋ និងសម្រាប់ភ្ញៀវទេសចរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ