អាជ្ញាធរខេត្តកណ្តាល បើកកិច្ចប្រជុំគណៈកម្មការ ចុះត្រួតពិនិត្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩(covid-19) នៅតាមច្រកទ្វារព្រំដែន
March 21, 2020 អ្នកទស្សនា :

      ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំមានការភ័យខ្លាចចំពោះជំងឺ កូវីដ-១៩នេះ ពីព្រោះជំងឺនេះគឺអាចព្យាបាលបាន ហើយខេត្តក៍បានត្រៀមនូវវិធានការការពារ ទប់ស្កាត់ និងព្យាបាលរួចហើយ នៅតាមមន្ទីរពេទ្យបង្អែកទាំង១១ ក្រុង-ស្រុកក្នុងខេត្ត។ 

      ឯកឧត្តមបានធ្វើការអំពាវនាវដូច្នេះ  នៅក្នុងកិច្ចប្រជុំគណៈកម្មការ ចុះត្រួតពិនិត្យដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩(covid-19) និងចាត់វិធានការត្រួតពិនិត្យតាមដានជាប្រចាំនៅតាមច្រកទ្វារព្រំដែនទាំងផ្លូវគោក និងផ្លូវទឹកនានា ដែលកិច្ចប្រជុំនេះធ្វើនៅទីស្នាក់ការគយ និងរដ្ឋាករជ្រៃធំ ស្រុកកោះធំ ដោយមានការចូលរួមពីឯកឧត្ត លោកជំទាវអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ។ 

      ឯកឧត្តមបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ សូមប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចេះធ្វើអនាម័យឲ្យបានជាប្រចាំ សូមកុំមានការរើសអើងនឹងទៅលើអ្នកដែលបានឆ្លងជំងឺនេះ ជាពិសេសនៅពេលដែលបងប្អូនប្រជាពលរដ្ឋទាំងអស់មានការសង្ស័យថាខ្លួនបានឆ្លងជំងឺនេះ សូមចូលខ្លួនទៅឱ្យគ្រូពេទ្យនៅតាមមូលដ្ឋានពិនិត្យឱ្យបានឆាប់រហ័ស ដើម្បីមានវិធានការព្យាបាលបានទាន់ពេលវេលា ជៀសវាងកុំឱ្យមានការរីករាលដាលទៅដល់ប្រជាពលរដ្ឋផ្សេងទៀតដែលនៅជិតខ្លួន។ 

     ក្រៅពីមានប្រុងប្រយ័ត្នទៅលើជំងឺ កូវីដ-១៩(covid-19) ថ្មីនេះ ឯកឧត្តមក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ក៍ត្រូវយកចិត្តទុកដាក់ទៅលើជំងឺទូទៅផ្សេងៗទៀតផងដែរ ដោយត្រូវទៅជួបគ្រូពេទ្យធ្វើការពិនិត្យ និងព្យាបាលដែលនៅក្នុងមូលដ្ឋានខ្លួន។

      ក្នុងឱកាសនោះឯកឧត្តមអភិបាល ក៏បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យជាក់ស្ដែងផ្ទាល់នៅតាមច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ឡុងប៉ិន រវាងខេត្តកណ្ដាលនៃព្រះរាជាណចក្រកម្ពុជា និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។

      ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីពង្រឹងការអនុវត្តវិធានការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់ អជ្ញាធរត្រូវផ្អាកជាបណ្ដោះអាសន្ននូវការធ្វើដំណើរឆ្លងកាត់ព្រំដែនចាប់ពី ២៣:៥៩  យប់ ថ្ងៃទី 20 ខែមីនាឆ្នាំ ២០២០នេះ តទៅ ត្រូវរឹតបន្តឹងការត្រួតពិនិត្យចរាចរណ៍មនុស្ស និងទំនិញដែលឆ្លងកាត់ច្រកទ្វារព្រំដែន ហើយចំពោះការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននៅតែអនុវត្តធម្មតាដោយគ្មានការរាំងស្ទះ។

      ឯកឧត្តមបានបញ្ជាក់ទៀតថា ការចុះមកពិនិត្យនៅតាមចចច្រកទ្វារព្រំដែននេះគឺអនុវត្តតាមលិខិតលេខ៩១៦ របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០ ដែលផ្ដោតសំខាន់ទៅលើការផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញចូលរវាងពលរដ្ឋកម្ពុជា និងវៀតណាម សំដៅក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ឱ្យមានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ