អាជ្ញាធរខេត្តកណ្តាល នាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្តចែកជូនដល់គ្រួសារអ្នកជំងឺ covid-19
March 21, 2020 អ្នកទស្សនា :

      ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូសាខា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួន ឧត្ថម្ភដល់គ្រួសារអ្នកផ្ទុកជំងឺ covid-19 ចំនួន១គ្រួសារ ស្ថិតនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាលកាលពីល្ងាចថ្ងៃទី២០ ខែ មិនា ឆ្នាំ ២០២០។

      ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា មេរោគ Covid-19 មិនមែនផ្ទុះនៅក្នុងស្រុកខ្មែរទេ គឺគ្រាន់តែប្រជាពលរដ្ឋបានឆ្លងជំងឺពីក្រៅប្រទេសប៉ុណ្ណោះ ហើយបច្ចុប្បន្នបានបន្តឆ្លង គ្នាឯងនៅតាមសហគមន៍បន្ត ដូច្នេះយើងត្រូវនាំគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់មិនឲ្យ Covid-19 រីករាលដាលបន្តទៀត តាមរយៈអនាម័យស្អាត ដោយលាងដៃជាប្រចាំ ពាក់ម៉ាស់ មិនត្រូវនៅជិតគ្នាច្រើននាក់ទេ ជៀសវាងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ឬច្រើននាក់បន្ថែមទៀត។

      ឯកឧត្តមអភិបាលខេត្ត បានបន្តថា សូមបងប្អូនកុំព្រួយបារម្ភ ចំពោះជំងឺ(COVID-19)នេះ ព្រោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ កំពង់តែព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ហើយរាជរដ្ឋាភិបាលដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ជាប្រធាន មិនទុកអោយបងប្អូនឯកការឡើយ ជាពិសេសជុំវិញករណីជំងឺរលាកសួតថ្មី (COVID-19) បង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ។ 

      ឯកឧត្តមក៏បានសំដែងនូវអំណរអរគុណបំផុតចំពោះក្រុមគ្រូពេទ្យ ដែលបានប្រឹងប្រែងធ្វើការទាំងថ្ងៃ ទាំងយប់រហូតដល់ ១៥ ទៅ ១៦ម៉ោងក្នុង១ថ្ងៃ ជំវិញករណី COVID-19 នេះ។

      ឯកឧត្តម បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំជូនដល់បងប្អូននាពេលនេះ មានចំនួនតិចតួចក្តី ក៏សង្ឃឹមថានឹងអាចសម្រួលដល់បងប្អូនបានមួយចំណែកតូច ហើយក៏ជាការបង្ហាញនូវការគិតគូររបស់ថ្នាក់ដឹកនាំ។

      ឯកឧត្តម បានផ្ញាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានអនាម័យអោយបានគ្រប់ៗគ្នាត្រូវលាងសំអាតដៃអោយបានញឹកញាប់ ពេលធ្វើដំណើរចេញទៅខាងក្រៅត្រូវពាក់ម៉ាសអោយបានត្រឹមត្រូវ។
អំណោយមនុស្សធម៌ដែលបានឧបត្ថម្ភរួមមាន៖ 

មីខ្លាឃ្មុំចំនួន៤កេស ទឹកសុទ្ធ២កេស ទឹកផ្លែឈើ២កេស និងថវិកាឧបត្ថម្ភដល់គ្រួសារអ្នកជំងឺចំនួន ២លានរៀល និងអ្នកជំងឺសំរាកនៅមន្ទីរពេទ្យឧបត្ថម្ភថវិកា ១លានរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ