រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំត្រួតពិនិត្យពិភាក្សា លើការងារអត្រានុកូលដ្ឋាន
March 14, 2020 អ្នកទស្សនា :

      ការងារអត្រានុកូលដ្ឋានគឺមានសារសំខាន់ខ្លាំងណាស់ ដែលចាំបាច់តម្រូវឱ្យមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់ ទៅលើបែបបទ និងនិតិវិធីឲ្យបានត្រឹមត្រូវ ដើម្បីចៀសឲ្យផុតពីបញ្ហាកំហុសឆ្គងនានា ដែលអាចបង្កឲ្យមានការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ។
       
      នេះជាការលើកឡើងរបស់ លោក យឹម សំអុល អគ្គនាយក រង នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យពិភាក្សា លើការងារអត្រានុកូលដ្ឋានក្នុងខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តមអភិបាលរងខេត្ត អភិបាល ក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធនានា។

    លោក យឹម សំអុល បានបន្តថា ការងារអត្រានុកូលដ្ឋានអាចអនុវត្តទៅទទួលបានជោគជ័យ គឺត្រូវពឹងផ្អែកទៅលើស្មៀនឃុំ និងមេឃុំ ពីព្រោះពួកគាត់បានទទួលការបណ្ដុះបណ្ដាលបានច្រើនជាងគេក្នុងការងារនេះ ហេតុដូច្នេះហើយទើបតម្រូវឱ្យស្មៀនឃុំ និងមេឃុំត្រូវសហការគ្នា យកចិត្តទុកដាក់ខ្ពស់ទៅលើទិន្នន័យអត្រានុកូលដ្ឋានដែលមានដូចជា អក្ខរាវិរុទ្ធ នាមខ្លួន នាមត្រកូល ថ្ងៃខែឆ្នាំកំណើត ឈ្មោះឪពុក ម្ដាយ និងទីកន្លែងកំណើតឱ្យបានច្បាស់លាស់មុននឹងចុះចូលក្នុងបញ្ជី។
    
    ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការចុះត្រួតពិនិត្យ ការអនុវត្តការងារអត្រានុកូលដ្ឋាននេះ ធ្វើឡើងដើម្បីពង្រឹងការទទួលខុសត្រូវ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារអត្រានុកូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរក្សាបាននូវនិរន្តរភាពនៃការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។
    
        ឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យអភិបាលក្រុង-ស្រុកទាំងអស់ត្រូវធ្វើការដោយយកចិត្តទុកដាក់ខ្ពស់ចំពោះការងារអត្រានុកូលដ្ឋាននេះ ត្រូវរៀបចំការប្រជុំត្រួតពិនិត្យពិភាក្សាជាមួយមន្ត្រីអត្រានុកូលដ្ឋាននៅមូលដ្ឋានខ្លួនឲ្យបានជាប្រចាំ ដើម្បីដាក់ចេញជារបៀបរប និងផែនការការងារឲ្យបានច្បាស់លាស់ ត្រូវខិតខំបម្រើសេវានេះឲ្យបានកៀកកិតនឹងប្រជាជន ជាពិសេសចំពោះការចុះមកត្រួតពិនិត្យរបស់ថ្នាក់ជាតិ អភិបាលស្រុក អភិបាលរងទទួលផែន និងមន្ត្រីពាក់ព័ន្ធទាំងអស់មិនត្រូវអវត្តមានឡើយ ត្រូវមានការចូលរួមឲ្យបានជាប់ជាប្រចាំ ដើម្បីក្តាប់ឲ្យបាននូវគោលការណ៍សំខាន់ៗដែលដាក់ចេញដោយថ្នាក់ជាតិ។

       សូមបញ្ជាក់ថា តាមរបាយការណ៍អត្រានុកូលដ្ឋានក្នុងឆ្នាំ ២០១៩ របស់ខេត្តកណ្ដាលបានបង្ហាញថា ការចុះសំបុត្រកំណើតបានចំនួន ១៨១៦៨នាក់ ចុះសំបុត្រអាពាហ៍ពិពាហ៍បានចំនួន ៣៤៩៧គូ ចុះសំបុត្រមរណភាពបានចំនួន ៤០០១ នាក់ មានភាពប្រសើរច្រើនបើប្រៀបធៀបនឹងឆ្នាំ ២០១៨ កន្លងមកនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ