អភិបាលខេត្តកំពង់ចាម បានចាត់ទុក សមិទ្ធផល នៅវត្តពោធិ៍វង្ស នៃឃុំពាមប្រធ្នោះ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលនេះ គឺជាញើសឈាមរបស់យើងទាំងអស់គ្នា
March 14, 2020 អ្នកទស្សនា :

      ថ្លែងនៅក្នុងពិធីសម្ពោធ ដាក់ប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្នុងវត្តពោធិ៍វង្ស ហៅវត្តជំនីក ស្ថិតនៅភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានចាត់ទុក សមិទ្ធផលទាំងអស់នោះ គឺជាញើសឈាមរបស់យើងទាំងអស់គ្នា តាមរយៈ ការចូលរួមសន្សំជាបច្ច័យបន្តិចម្ដងៗ ទម្រាំលេចចេញជារូបរាងឡើងនោះ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ផងដែរ។  

      លោក យី វណ្ណៈ អភិបាល ស្រុកកោះសូទិន បានធ្វើរបាយការណ៍ អំពីស្ថានភាពទូទៅ សន្តិសុខ និងរបាយការណ៍រីកចំរើន របស់ស្រុកសម្រេចបាន តាមវិស័យនានា ក្រោមនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការងារធម្មការ និងសាសនា នៅទូទាំងស្រុក មានវត្តចំនួន ២៧ ក្នុងនោះគណៈនិកាយមាន ២៦វត្ត វត្តធម្មយុត្តិ ១វត្ត មានវិហារឥស្លាម ៦កន្លែង ស៊ូរ៉ាវ ២កន្លែង។ គ្រឹស្ទសាសនា ៣កន្លែង សាលាពុទ្ធិកសិក្សា ១កន្លែង។ ដោយឡែក វត្តពោធិ៍វង្ស ហៅវត្តជំនីក បានកសាងឡើងនៅឆ្នាំ១៩៣៣ ។ បន្ទាប់ពីឆ្លងកាត់ ព្រះចៅអធិការ ចំនួន ០៣អង្គ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បច្ចបុប្បន្ន ព្រះចៅអធិការវត្ត ព្រះនាម ថៃ គឹមសុន បានដឹកនាំកសាង និងមានការរីកចំរើនជាបន្តបន្ទាប់។ ជាក់ស្ដែង សមិទ្ធផលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ នាពេលនេះ មាន ៖ កុដិ ជួសជុលតំបូល និងខឿនព្រះវិហារ ក្លោងទ្វារ ផ្លូវបេតុង និងចាក់សាប សរុបទឹកប្រាក់អស់ ចំនួន ១៣៧.៨៧៤ដុល្លារអាមេរិក និងប្រាក់រៀល ចំនួន ៦៩៨.០០៥.៥០០រៀល  គឺបានមកពីពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ តាមរយៈ បុណ្យកឋិនទាន បុណ្យផ្កា ចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ និងកម្មវិធីផ្សេងៗ។ 

      ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលទាំងអស់នេះ គឺសម្រាប់ទុកជាប្រយោជន៍ ក្នុងការលើកកម្ពស់ នូវគុណតម្លៃ នៃវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ តាមរយៈ ការចូលរួមចំណែក ចាប់ជាកុសល ពីសំណាក់ពុទ្ធបរិស័ទជិត ឆ្ងាយ។ ទន្ទឹមនឹងនោះ សមិទ្ធផលទាំងអស់នេះ គឺជាសមិទ្ធផល ដែលកើតចេញពីញើសឈាម របស់យើងទាំងអស់គ្នា ពីព្រោះថា ទម្រាំបានលេចចេញជារូបរាងយ៉ាងដូច្នេះ គឺព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្ត ក៏ដូចជា ពុទ្ធបរិស័ទជិត ឆ្ងាយ បានខិតខំសន្សំនូវបច្ច័យ ចាប់មគ្គផលបន្តិចម្ដងៗ ដើម្បី បានកសាងសមិទ្ធផលទាំងអស់នេះឡើង។ លើសពីនេះទៅទៀតនោះ សមិទ្ធផលនេះ មិនមែនត្រឹមតែបំរើ និងលើកកម្ពស់ ដល់វិស័យព្រះពុទ្ធសាសនា តែមួយមុខនោះទេ តែបានចូលរួមលើកកម្ពស់ ដល់សុខដុមនីយកម្មសម្រាប់សង្គម ជាពិសេស ជាទីកន្លែងជួបជុំគ្នា សម្រាប់លោកតា យាយ ក៏ដូចជា ពុទ្ធបរិស័ទទូទៅ ដែលមានវ័យចាស់ បានរួមគ្នា មកកសាងនូវបុណ្យកុសល ដើម្បី រំដោះនូវកម្មពារ ផងដែរ។ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម បានលើកឡើងដែរថា ការរីកចំរើន នៃសមិទ្ធផលទាំងអស់នេះ គឺបានដើរស្របគ្នា រវាងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ដើម្បី បំរើផលប្រយោជន៍ប្រជាពលរដ្ឋ ខណៈដែលប្រទេសជាតិ កំពុងមានសុខសន្តិភាព ពេញផ្ទៃប្រទេស ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដមន្ត្រី៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ