រដ្ឋបាលខេត្តប៉ៃលិន រៀបចំពិធីផ្ទេរ ប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ០៩នាក់បន្ថែមទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ
March 14, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីផ្ទេរប្រគល់ទទួលអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបាន ពលី ជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាក្នុងភូមិសាស្ត្រខេត្តប៉ៃលិន រដូវប្រាំង លើកទី២ ដំណាក់កាលទី ១៩ ចំនួន ៩អដ្ឋិធាតុ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ ស្ថិតនៅវត្តបរហ៊ុយ ស្ថិតក្នុងភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

      លោកវរៈសេនីយ៍ឯក ត្រឹង ជីកុង ប្រធានក្រុមការងារអង្គភាព k73 ចំណុះយោធភូមិភាគទី៧ ខេត្តឡុងអាន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានមានប្រសាសន៍ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ដែលបានសហការល្អជាមួយក្រុមការងារអង្គភាព K73 របស់វៀតណាម ក្នុងការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាមដោយ ទទួលបានលទ្ធផលល្អ។

       ឯកឧត្តម ផាន់ ចាន់ធុល  អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាម ដែលបានពលីអាយុជីវិត ក្នុង សម័យសង្គ្រាមនៅខេត្តប៉ៃលិន ដំណាក់កាលទី១៨ នេះ គឺអនុវត្តន៍តាម កិច្ចព្រម ព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងរវាងខេត្ត ប៉ៃលិន ជាមួយខេត្តឡុងអាន ដោយមានផែនការរុករកអដ្ឋិធាតុចំនួន ១៨ព័ត៌មាន។

       ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ចំពោះការចូលរួមស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពវៀតណាមនេះ គឺជាការងារមនុស្សធម៌ដ៏ល្អផង និងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង ពីព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាម លើទឹកដីកម្ពុជា គឺជាការរួមចំណែកក្នុងរំដោះប្រទេសជាតិយើង ឱ្យមានសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន ដូច្នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្ត ត្រូវបន្តខិតខំសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួល ដល់ដំណើរការស្វែងរុករកអដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតនៅទឹកដីខេត្តប៉ៃលិន ដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ។

       បើតាមរបាយការណ៍របស់ លោកវរៈសេនីយ៍ឯក ទោ គឹមឃុន មេបញ្ជាការរងតំបន់ប្រតិបត្តិការសិករងខេត្តប៉ៃលិន បានឱ្យដឹងថា កន្លងមកក្រុមការងារគណៈកម្មការរុករកជីកគាស់ធ្វើមាតុភូមិនិវត្តន៍វៀតណាម ខេត្តតៃនិញ និងខេត្តឡុងអាន ជាមួយខេត្តប៉ៃលិន បានស្វែងរុករក ជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន បានចំនួន ១០៣អដ្ឋិធាតុ ហើយ នៅដំណាក់កាលទី១៩ គឺចាប់អនុវត្តន៍ពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ ជាលទ្ធផលក្រុមការងារ បានរកឃើញអដិ្ឋធាតុ ចំនួន ០៩នាក់៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ