រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៥ ឆ្នាំ២០២០
March 11, 2020 អ្នកទស្សនា :

      ខេត្តឧត្តរមានជ័យ៖ ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម យុវជនសសយក ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ1119នាក់បានចូលរួមក្នុង ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៥។

      ក្នុងឱកាសដ៏មហោឡារិកនេះ ឯកឧត្តមអភិបាលខេត្តបានសំដែងនូវការអបអរសាទរ និងគាំទ្រខ្ពស់បំផុតចំពោះការរៀបចំឲ្យមានទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យនេះឡើង ក្នុងគោលបំណងបំផុសការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការ សង្គមស៊ីវិល ជាពិសេសបងប្អូនប្រជាពលរដ្ឋ បានយល់ដឹង គាំទ្រ និងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយកងកម្លាំងសមត្ថកិច្ចប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងមហន្តរាយដោយអគ្គិភ័យ ព្រមទាំងលើកកម្ពស់ប្រសិទ្ធិភាពប្រតិបត្តិការបង្ការ និងពន្លត់អគ្គិភ័យរបស់អង្គភាពមានសមត្ថកិច្ចពន្លត់អគ្គិភ័យឲ្យកាន់តែវិវត្តន៍រីកចម្រើន ស្ទាត់ជំនាញ ទទួលបាននូវជំនឿជឿជាក់ពីសំណាក់សាធារណជន។

      ផ្អែកតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ហុង ចម្រើន ស្នងការរងនគរបាលខេត្ត បានគូសបញ្ជាក់ថាក្នុងឆ្នាំ២០១៩កន្លងមកនេះ មានករណីគ្រោះមហន្តរាយដែលបណ្តាលមកពីអគ្គិភ័យចំនួន០៣លើក និងដើមឆ្នាំ២០២០នេះ បានកើតឡើងចំនួន០២លើក បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន ប៉ុន្តែត្រូវបានកងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍បានទាន់ពេលវេលា។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ដល់កម្លាំងនគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធដែលបានចូលរួមសហការគ្នាល្អ ក្នុងការយកចិត្តទុកដាក់ចូលរួមជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះអគ្គិភ័យបានទាន់ពេលវេលា និងសូមលើកទឹកចិត្តឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់បន្តខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងបុព្វហេតុជាតិ និងប្រជាជនយើង នឹងបានផ្តាំផ្ញើរដូចខាងក្រោម៖
-អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនវិធានការអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងដែលសមត្ថកិច្ចរបស់ខ្លួនដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមកាន់តែសកម្មក្នុងចលនាបង្ការ និងពន្លត់អគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន។
-សូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលចំពោះដើមចមដែលអាចបង្កឲ្យកើតមានអគ្គិភ័យដូចជា ភ្លើងចង្រ្កាន ភ្លើងទៀន ភ្លើងចង្កៀង ធូប ភ្លើងដុតសំរាម ភ្លើងព្រៃ បារី រំសេវកាំជ្រួច ប្រេងឥន្ធនៈ ចរន្តអគ្គិសនី ឧស្ម័នចំហេះ សារធាតុគីមី និងវត្ថុដែលងាយឆេះនិងងាយផ្ទុះឆេះគ្រប់ប្រភេទ ជាដើម។
-ការសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ និងឧស្ម័នត្រូវគោរពតាមបទដ្ឋានបច្ចេកទេសដែលត្រូវត្រួតពិនិត្យពីគ្រប់ជំនាញពាក់ព័ន្ធឲ្យបានត្រឹមត្រូវទៅតាមស្តង់ដាបច្ចេកទេសដើម្បីបង្ការហានិភ័យ។
-ត្រូវផ្សព្វផ្សាយជាសាធារណៈនូវលេខទូរស័ព្ទប្រចាំការដើម្បីប្រជាពលរដ្ឋបានដឹង និងទំនាក់ទំនងរកពេលមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង។
-អង្គភាពនគរបាលបង្ការ និងពន្លត់អគ្គិភ័យនៅស្នងការដ្ឋាននគរបាលខេត្ត និងតាមបណ្តាក្រុង ស្រុកត្រូវមានកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង និងត្រូវត្រៀមជាស្រេចនូវរថយន្ត និងឧបករណ៍សម្ភារ ដើម្បីចេញអន្តរាគមន៍ពន្លត់អគ្គិភ័យបានទាន់ពេលវេលា។

      បន្ទាប់មកអង្គពិធីបានទស្សនារបៀបពន្លត់អគ្គិភ័យដែលបង្ហាញដោយកងកម្លាំងបង្ការ និងពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ