អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់
March 16, 2020 អ្នកទស្សនា :

      (ពោធិ៍សាត់)៖ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរភារកិច្ច មកកាន់តំណែង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ជំនួសលោក តន់ សីហតេជ «អតីព្រះរាជអាជ្ញា» វរៈព្រះរាជអាជ្ញា ថ្នាក់លេខ១ ដែលត្រូវទទួលតំណែងថ្មី ជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

      ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្ដម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានការអញ្ជើញចូលរួម ពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម សំ ប្រជាមានិត អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំងមន្ត្រីសាលាដំបូងខេត្ត មន្ត្រីយុត្តិធម៌ រួមទាំងភ្ញៀវកិត្តយសតាមបណ្តាមន្ទីរអង្គភាពជាច្រើនរូបទៀត។

      បន្ទាប់ពីឯកឧត្តម អ៊ួង សុភារិន អគ្គលេខាធិការរង នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអានព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរ តែងតាំងមុខតំណែង, ពិធីប្រគល់ត្រា ព្រះរាជអាជ្ញា និងមតិប្តេជ្ញាចិត្ត របស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ រួចមក, ឯកឧត្ដម ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការរៀបចំផ្លាស់ប្តូរតួនាទីភារកិច្ច របស់អាជីពចៅក្រម ព្រះរាជអាជ្ញា ឬមន្ត្រីរាជការនានាៗ គឺជាផ្នែកមួយ នៃកំណែទំរង់ក្នុងវិស័យប្រព័ន្ធយុត្តិធម៌ ក្នុងការបម្រើសេវាយុត្តិធម៌ឱ្យកាន់តែប្រសើរឡើងថែមទៀត និងធ្វើយ៉ាងណាបង្កើននូវជំនឿទុកចិត្ត ពីសំណាក់សាធារណៈជន និងប្រជាពលរដ្ឋ ក្នុងវិស័យយុត្តិម៌។

      ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យព្រះរាជអាជ្ញា ដែលទើបមកកាន់តំណែងថ្មី ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរដែនដី និងមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាព នៃការគោរពច្បាប់ ឱ្យបានតឹងរឹងបំផុត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលកើតមានផ្សេងៗ ក្នុងរដ្ឋបាលខេត្តពោធិ៍សាត់៖ ដូចជាបទល្មើសនេសាទ បទល្មើសព្រៃឈើ ជាពិសេសគ្រឿងញៀន ជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងតែចាត់វិធានការទប់ស្កាត់យ៉ាងតឹងរឹង។

      ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់ចៅក្រម និងព្រះរាជអាជ្ញា ត្រូវប្រកាន់ភ្ជាប់នូវ សម្បជញ្ញៈ មនសិការខ្ពស់ ក្នុងការផ្តល់សេវាយុត្តិធម៌ និងស្វែងរកយុត្តិធម៌ ប្រកបដោយតម្លាភាព សមភាព និងយុត្តិធម៌ ស្របតាមច្បាប់ គឺសំដៅធ្វើយ៉ាងណា ឱ្យមនសិការកាន់តែទទួលនូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ 

      ជាមួយគ្នានោះ ត្រូវអនុវត្តក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនយ៉ាងម៉ឹងមាត់ ព្រោះក្រមសីលធម៌នេះ ជាត្រីវិស័យ សម្រាប់ជួយតម្រង់ផ្លូវឱ្យចៅក្រម និងព្រះរាជអាជ្ញា បានក្លាយខ្លួនគោរពច្បាប់ ដែលជាសកម្មភាពខ្ពស់ ក្នុងគោលបំណង ពង្រឹងសេចក្តីថ្លៃថ្នូរ ក្នុងការអនុវត្តភារកិច្ចតុលា។ ត្រូវជំរុញ លើកកម្ពស់ឯករាជ្យភាព របស់តុលាការ ដើម្បីធ្វើយ៉ាងណាឱ្យខ្លួនក្លាយជាបុគ្គល ដែលមានចរិតយុត្តិធម៌។ ជាមួយនឹងអាគាររដ្ឋបាលថ្មី សាលាដំបូងខេត្ត ឯកឧត្ដម ព្រហ្ម សិទ្ធត្រា បានស្នើរៀបចំទុកដាក់បញ្ជីរឿងក្តីឱ្យបានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបន្តចាត់ការឱ្យបានទាន់ពេលវេលា ទៅតាមនីតីវិធី ដែលច្បាប់បានកំណត់ ជៀសវាងទុកសំណុំរឿងចោល ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិសេរីភាព នៃការឃុំខ្លួនជនសង្ស័យ ឬជនល្មើស លើសការកំណត់នៃច្បាប់៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ