ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រកែច្នៃកៅស៊ូស្ទោង ស៊ីអស៊ីខេ២ (C.R.C.K.2) ខេត្តកំពង់ធំ
January 27, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ រោងចក្រកែច្នៃកៅស៊ូស្ទោង ស៊ីអស៊ីខេ២ របស់ក្រុមហ៊ុនកៅស៊ូ ជីសេ (GC) ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដោយមានការចូលរួមពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឯកឧត្តម វូ កាងមីញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ឯកឧត្តម តា្រញ់ ង៉ុកធុង (Tran Ngoc Thuan) អគ្គនាយកសម្ព័ន្ឋសហគ្រាសកៅស៊ូវៀតណាម ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងកម្មករ កម្មការីនី ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ ស្ថិតនៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងស្វាគមន៍គណៈអធិបតី និងគណៈប្រតិភូ និងរៀបរាប់អំពីស្ថានភាពភូមិសាស្ត្រ និងការអភិវឌ្ឍន៍នៅក្នុងខេត្តកំពង់ធំ ។ បន្ទាប់មក លោក ង្វៀន យីលិញ អគ្គនាយកក្រុមហ៊ុនកៅស៊ូ ជីសេ កំពង់ធំ បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនកៅស៊ូ ជីសេ កំពង់ធំ បានចាប់ផ្តើមអនុវត្តគម្រោងក្នុងឆ្នាំ២០០៩ បានដាំដុះកៅស៊ូក្នុង​ឆ្នាំ២០១០ និងបញ្ចប់ការដាំក្នុងឆ្នាំ២០១៤ លើផ្ទៃដី១២.៦៦៨ ហិចតា ដោយចំណាយទុនវិនិយោគចំនួន១២០លានដុល្លាអាមេរិកគិតមកដល់ឆ្នាំ២០១៧ ។ លោកបន្ថែមថា គិតមកត្រឹមឆ្នាំ២០១៧ ក្រុមហ៊ុនចៀរជ័របាន ៣.៨៧៦ ហិចតា ប្រមូលជ័របាន ២.៣៦៧ តោន ស្មើនឹង ១១០,៦៣% នៃផែនការ ។ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង សម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាម បានអនុញ្ញាតិឲ្យក្រុមហ៊ុនកៅស៊ូ ជីសេ កំពង់ធំ សាងសង់រោងចក្រកែច្នៃកៅស៊ូដែលមានសមត្ថភាពផលិតរហូតដល់ ៤៥ពាន់តោនក្នុង១ឆ្នាំ សម្រាប់បម្រើដល់ក្រុមហ៊ុនកៅស៊ូចំនួនបីគឺ ក្រុមហ៊ុន ស៊ីអស៊ីខេ២ ក្រុមហ៊ុនបៀនហៀក និងក្រុមហ៊ុនមេគង្គ។ ដោយឡែកលោក តា្រញ់ ង៉ុកធុង(Tran Ngoc Thuan) អគ្គនាយកសម្ព័ន្ឋសហគ្រាសកៅស៊ូវៀតណាម មានប្រសាសន៍ថា សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាមកំពុងគ្រប់គ្រង់លើការផលិត ការប្រមូលផល និងកែច្នៃកៅស៊ូលើផ្ទៃដីសរុបទាំងក្នុងប្រទេស និងក្រៅប្រទេសចំនួនជាង៤០ម៉ឺនហិចតា ។ ក្នុងឆ្នាំ២០១៧ យើងប្រមូលផលកៅស៊ូបានជាង ២៧៨ពាន់តោន កែច្នៃជ័រកៅស៊ូគ្រប់ប្រភេទបានជាង ៣៦៥ពាន់តោន លក់ចេញបាន ៣៤៥ពាន់តោន និងបានចំណូលសរុបជាង ៣០៣លានដុល្លាសហរដ្ឋអាមេរិក។ លោកបន្តថា ចាប់តាំងពីឆ្នាំ២០០៧ សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បានវិនិយោគដំណាំកៅស៊ូនៅកម្ពុជាសរុប ១.០០០លានដុល្លាសហរដ្ឋអាមេរិក ហើយគិតមកដល់បច្ចុប្បន្ន ផ្ទៃដីកៅស៊ូរបស់ក្រុមហ៊ុនទាំងអស់ចំនុះសម្ព័ន្ឋមានជិត ៩០.០០០ហិចតា (កៅសិបពាន់ហិចតា) សិ្ថតក្នុងខេត្តកំពង់ធំ ក្រចេះ មណ្ឌលគីរី រតនៈគីរី ព្រះវិហារ សៀមរាប និងឧត្តរមានជ័យ ដែលចំណាយទុនវិនិយោគប្រមាណជាង ៦០០លានដុល្លាសហរដ្ឋអាមេរិក។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍ថា ការសម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន ស៊ីអស៊ីខេ២ នៅថ្ងៃនេះ គឺជាមោទនភាពមួយនៃគោលនយោបាយអភិវឌ្ឍន៍ដំណាំកៅស៊ូកម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមើលឃើញថា៖ វិស័យកសិកម្មនៅតែជាវិស័យអាទិភាព ដែលស្រូបពលកម្មច្រើនជាងគេ ។ ដូច្នេះការអភិវឌ្ឍវិស័យកសិកម្ម ដែលជាស្នូលនៃសេដ្ឋកិច្ចជនបទ មានអត្ថន័យពីរយ៉ាង គឺការពង្រីកមូលដ្ឋានសេដ្ឋកិច្ច និងការជួយរក្សាចីរភាពនៃកំណើនសេដ្ឋកិច្ចផង និងការពន្លឿនការកាត់បន្ថយភាពក្រីក្រផង ។ រាជរដ្ឋាភិបាលបានជំរុញឲ្យមានភាពជាដៃគូរវាងកសិករម្ចាស់ដីតូចៗ និងកសិដ្ឋានធំៗ សាជីវកម្មកសិកម្ម និងរវាងសម្បទានិកដីសេដ្ឋកិច្ច ជាមួយនឹងសម្បទានិកដីសង្គមកិច្ច ជាពិសេសសម្រាប់ដំណាំកសិ-ឧស្សាហកម្ម ស្របទៅតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកៅស៊ូរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាគឺជាប្រទេសផលិតជ័រកៅស៊ូធម្មជាតិបានចំនួនច្រើនម៉ឺនតោនក្នុងមួយឆ្នាំៗ ស្ថិតក្នុងលំដាប់ថ្នាក់ទី១៦ ក្នុងចំណោមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិលើសកលលោក រីឯផ្ទៃដីដាំដុះកៅស៊ូបានកើនឡើងជាលំដាប់ ។ គោលដៅរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើយ៉ាងណាបង្កើនផ្ទៃដីដាំដុះកៅស៊ូឲ្យបានច្រើន ដោយកំណត់បរិមាណផលិតផលចំនួនប្រមាណ ២៩ម៉ឺនតោននៅឆ្នាំ២០២០ ។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគទាំងអស់ដែលមកវិនិយោគនៅកម្ពុជាឲ្យមានចំនួនកាន់តែច្រើនឡើង ដែលស្តែងឲ្យឃើញពីទំនុកចិត្តរបស់វិនិយោគិនបរទេសចំពោះស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលកំពុងមានសុខសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ជាង២ទស្សវត្សរ៍កន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។ ចុងបញ្ជប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈអធិបតីបានអញ្ជើញកាត់ខ្សែរបូរសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវរោងចក្រកែច្នៃកៅស៊ូស្ទោង ស៊ីអស៊ីខេ២ របស់ក្រុមហ៊ុនកៅស៊ូ ជីសេ កំពង់ធំ និងទស្សនាសង្វាក់ផលិតកម្មកែច្នៃកៅក្នុងរោងចក្រនេះផងដែរ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ធំ ( ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ