រដ្ឋបាលខេត្តកណ្ដាល បើកវគ្គតម្រង់ទិសស្ដីពី ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ
March 09, 2020 អ្នកទស្សនា :

      ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្ត ដល់សិក្ខាកាមទាំងអស់ត្រូវបើកចិត្តឲ្យទូលាយ ទទួលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗដែលមានប្រយោជន៍ ហើយត្រូវចូលរួមឱ្យបានសកម្មក្នុងវគ្គបណ្ដុះបណ្ដាលនេះ តាំងពីដើមរហូតដល់ចប់កម្មវិធី ពីព្រោះវគ្គសិក្សានេះមានសារសំខាន់ខ្លាំងណាស់ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ សំដៅបម្រើសេវាជូនប្រជាពលរដ្ឋនិងអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។

      ឯកឧត្តមអភិបាលខេត្តបាន ជំរុញដូច្នេះនៅក្នុង ពិធីបើកវគ្គតម្រង់ទិសស្ដីពី ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក ជូនដល់ស្រុកចំនួន៤ មានស្រុកកៀនស្វាយ ស្រុកអង្គស្នួល ស្រុកពញាឮ និងស្រុកស្អាង កាលពីព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ ២០២០ នៅសាលាខេត្តកណ្ដាល។

      ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះកំណែទម្រង់វិមជ្ឈការ  និងវិសហមជ្ឈការ បានឈានចូលដំណាក់កាលទី៣ នៃផែនការអនុវត្តរយៈពេល ៣ឆ្នាំ ដែលជាដំណាក់កាលចុងក្រោយហើយនៃការអនុវត្តកម្មវិធីជាតិរយៈពេល ១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

      ឯកឧត្តមបានបញ្ជាក់បន្តថា ដំណាក់កាលនេះគឺជាដំណាក់កាលផ្ដោតសំខាន់លើការពង្រឹងតួនាទី របស់រដ្ឋបាលក្រុងស្រុក អោយក្លាយទៅជារដ្ឋបាលមូលដ្ឋាន ដ៏មានសក្កានុពលដែលមានសមត្ថភាពគ្រប់គ្រាន់ អាចឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់មូលដ្ឋានប្រកបដោយប្រសិទ្ធភាព តាមរយៈការផ្ទេរសិទ្ធិអំណាចមុខងារ និងធនធានកាន់តែច្រើន និងកាន់តែសមស្របទៅឲ្យរដ្ឋបាលក្រុង ស្រុក ដើម្បីធានាប្រសិទ្ធភាពក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ក៏ដូចជាក្នុងការអភិវឌ្ឍន៍មូលដ្ឋានស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

      ឯកឧត្តមបានបញ្ជាក់បន្ថែមថា ដើម្បីអាចឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រេចភារកិច្ចទាំងនេះកាន់តែជោគជ័យគឺទាមទារឱ្យថ្នាក់រដ្ឋបាលទាំងនោះ មានសមត្ថភាពគ្រប់គ្រាន់ និងសមស្របដើម្បីអាចអនុវត្តមុខងារ និងសិទ្ធិអំណាចដែលទទួលបានពីថ្នាក់ជាតិកាន់តែប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាពជាងពេលដែលក្រសួងស្ថាប័ននៅថ្នាក់ជាតិ ជាអ្នកអនុវត្ត។

      សូមបញ្ជាក់ថាវគ្គសិក្សានេះគឺមានរយៈពេល ២ថ្ងៃ ដែលផ្ដោតទៅលើខ្លឹមសារសំខាន់ៗមាន ៥ជំពូក គឺជំពូក១ សិក្សាទៅលើទស្សនទាននៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជំពូក២ សិក្សាទៅលើរចនាសម្ព័ន្ធតួនាទី និងភារកិច្ច  ជំពូក៣ សិក្សាទៅលើមុខងារ និងធនធាន ជំពូក ៤ សិក្សាទៅលើទំនាក់ទំនងការងារ និងខ្សែគណនេយ្យភាព និងជំពូក៥ សិក្សាទៅលើរបៀបរបបការងារ នៅក្នុងរដ្ឋបាល ក្រុង ស្រុក៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ