រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំស្ដីពីការបន្តពង្រឹង និងជំរុញការអនុវត្តគ្រប់គ្រង ទុកដាក់សំរាម និងការសំអាតអនាម័យបរិស្ថានក្រុងកំពត
March 06, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំស្ដីពីការបន្តពង្រឹងនិងជំរុញការអនុវត្តបញ្ហា ការគ្រប់គ្រងប្រមូលទុកដាក់សំរាមនិងការសំអាតអនាម័យបរិស្ថានក្រុងកំពតឲ្យបានកាន់តែប្រសើរ។ កិច្ចប្រជុំនេះមានការចូលរួមពី ប្រធានមន្ទីរបរិស្ថានខេត្ត អាជ្ញាធរក្រុងកំពត-ស្រុកទឹកឈូ និង សង្កាត់នៃក្រុងកំពត និងឃុំមួយចំនួននៃស្រុកទឹកឈូជាប់នឹងក្រុងកំពត។

      កិច្ចប្រជុំ ក៏មានការចូលរួម មតិយោបល់ ពិភាក្សា លើបញ្ហាប្រឈមនានាដើម្បីរកវិធានការគន្លឹះក្នុងការដោះស្រាយលើការងារគ្រប់គ្រងប្រមូលទុកដាក់សំរាម ក៏ដូចបញ្ហាការសំអាតអានាម័យបរិស្ថានក្រុងកំពតឱ្យឆ្លើយតបទៅនឹងភាពទាក់ទាញនិងការធានាបាននូវសុខមាលភាពសាធារណៈឲ្យបានកាន់តែល្អប្រសើរថែមទៀតនៅក្នុងក្រុងកំពត។

      មានប្រសាសន៍នៅក្នុងកិច្ចប្រជុំឯកឧត្តមជាវ តាយអភិបាលខេត្ត បានលើកបញ្ជាក់ថា បញ្ហាការប្រមូលទុកដាក់សំរាមក៏ដូចបញ្ហា សំអាតអនាម័យបរិស្ថានក្រុងគឺជាបញ្ហាមួយដែលអាជ្ញាធរគ្រប់ថ្នាក់ក្នុងមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវតែមានការប្ដេជ្ញាចិត្ត រួមសហការគ្នាជាប្រចាំ ក្នុងការពង្រឹងនិងជំរុញការអនុវត្តអោយបានព្រមគ្នា ដើម្បីធ្វើឲ្យទីក្រុងប្រកបដោយភាពស្រស់បំព្រងនិងធានាបាននូវ សុខមាលភាពសាធារណៈបានល្អប្រសើរជូនពលរដ្ឋ។

      ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តលើកឡើងបញ្ជាក់ទៀតថា រយៈពេលកន្លងទៅបញ្ហាសំរាមនៅក្នុងក្រុងកំពតក៏ដូចជាឃុំមួយចំនួន នៃស្រុកទឹកឈូដែលជាប់ក្រុងកំពត តាមការសង្កេតឃើញថា មានការយកចិត្តទុកដាក់បានល្អប្រសើរពីសំណាក់អាជ្ញាធរមូលដ្ឋានក៏ដូចជាប្រជាពរដ្ឋ ក៏ប៉ុន្តែទោះបីយ៉ាងនេះក្ដី បញ្ហាការគ្រប់គ្រង និងការប្រមូលសំរាមនៅក្នុងក្រុងកំពតមានការយឺតយ៉ាវនិងមានការចោលសម្រាមតាមដងផ្លូវជាយក្រុងកំពតធ្វើឲ្យអាជ្ញាធរមានការពិបាកក្នុងការគ្រប់គ្រងបញ្ហាសំរាមនេះ។

      បើតាមការសង្កេតឃើញនៅប៉ុន្មានខែចុងក្រោយនេះពិសេសចាប់ពីថ្ងៃបុណ្យសមុទ្រចុងឆ្នាំ ២០១៩មក បញ្ហាប្រមូលទុកដាក់សំរាម នៅមានកម្រិត ហាក់បីដូចជាធ្លាក់ចុះនៅមិនទាន់បានឆ្លើយតប មានប្រសិទ្ធភាពនៅឡើយ ទៅតាមភាពជាក់ស្ដែងនៃបញ្ហាសំរាម និងបញ្ហាសំអាតអនាម័យបរិស្ថានតាមដងផ្លូវ សួនសាធារណៈ នៃក្រុងកំពតនិងតាមដងផ្លូវមួយចំនួន នៅជុំវិញក្រុងកំពត ដែលតម្រូវ ទាមទារឱ្យយើងរួមសហការគ្នាបន្តពង្រឹងយកចិត្តទុកដាក់ឲ្យបានកាន់តែ ខ្លាំងក្លាល្អប្រសើរថែមទៀត។

      ឯកឧត្តមអភិបាលខេត្តក៏បានណែនាំជំរុញផ្ដាំផ្ញើដល់ មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ-សង្កាត់ បន្តយកចិត្តទុកដាក់អោយបានសកម្មថែមទៀត ព្រមទាំងឱ្យមានការអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន បានយល់ដឹង បញ្ហាសំរាមនេះនិងចូលរួមប្រមូលទុកដាក់សំរាម ក្នុងទីកន្លែងប្រកបដោយសុវត្ថិភាព ពិសេសការចូលរួមអនុវត្តន៏តាមអនុក្រិត្យលេខ១១៣ អ.ន.ក្រ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៥ របស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ក៏ដូចជាការពង្រឹងនៃការប្រមូលសំរាម នៅក្នុងក្រុងកំពតឲ្យមានប្រសិទ្ធភាព ប្រកបដោយនិរន្តរភាពបន្ថែមទៀតនោះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ