លោកជំទាវ មាន សំអាន ស្នើដល់បងប្អូននារី ខិតខំប្រឹងប្រែងផ្សព្វផ្សាយពីលក្ខន្តិកៈ និងស្វែងរកមូលនីធិសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌
March 06, 2020 អ្នកទស្សនា :

      (ពោធិ៍សាត់)៖ លោកជំទាវ មាន សំអាន សមាជិកាអចិន្ត្រៃយ៍ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានស្នើដល់បងប្អូននារីយើង ខិតខំប្រឹងប្រែង និងទទួលខុសត្រូវខ្ពស់ ទាំងថ្នាក់ដឹកនាំអនុសាខា និងទាំងបណ្តាញនៃអង្គភាពនីមួយៗ ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានយល់ដឹងអំពីលក្ខន្តិកៈសមាគមនារី ត្រូវចេះគ្រប់គ្រង ដឹកនាំស្វែងរកមូលនីធិ សម្រាប់ទ្រទ្រង់សកម្មភាពអនុសាខា និងជួយទៅដល់ជនងាយរងគ្រោះ ដោយប្រការផ្សេងៗបានទាន់ពេលវេលា និងចំគោលដៅ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

      លោកជំទាវ បានស្នើបែបនេះ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ និងក្រុមចលនាស្ត្រី ប្រចាំឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២០ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែន ពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា មណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិថ្នាក់កណ្តាល និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់។

      លោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានថ្លែងអំណរគុណ ចំពោះ កិច្ចខិតខំប្រឹងប្រែង ពុំខ្លាចពីការនឿយហត់ របស់បងប្អូននារីនៅគ្រប់លំដាប់ថ្នាក់ ដែលមានស្មារតី ឆន្ទះចូលរួមក្នុងការងារសង្គម គ្រប់ទីកន្លែង។ ឆ្លងតាមរយៈសកម្មភាពនេះ ឃើញថាសាខាសមាគមនារី ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពប្រែប្រួលរីកចម្រើន អំពីស្ថានភាព ជីវភាព ឋានៈ និងតួនាទី បានក្លាយជាអ្នកដឹកនាំ ក្នុងមុខងារនយោបាយ ៨២រូប និងមុខងារសាធារណៈ១០៨រូប។ នៅក្នុងខេត្តបានរៀបចំរចនាសម្ពន័្ធ តាំងពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន ជាក់ស្តែងឆ្នាំនេះ សាខាប្រកាសទទួលសមាសភាពសមាជិកាកិត្តិយស ចំនួន២៦រូប និងសមាភាពអនុសាខា៩រូប ក្នុងស្រុកតាលោសែនជ័យ និងក្នុងស្ថាប័នសាលាដំបូង និងមន្ត្រីនគរបាលច្រកអន្តរជាតិ ខ្មែរ-ថៃ។

      ឯកឧត្តម ម៉ក រ៉ា និងលោកជំទាវ មាន សំអាន បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់សាខាសមាគមនារី ដែលបានរៀបចំពង្រឹង និងពង្រីករចនាសម្ព័ន្ធបណ្តាញសមាគមនារី ឱ្យកាន់តែមានភាពរឹងមាំ និងទូលំទូលាយ ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព ស្ត្រី ជាពិសេសអំពីតួនាទី ឋានៈ ចំណេះដឹងជំនាញ ក៏ដូចជាចូលរួមដោះស្រាយនូវក្តីកង្វល់ បញ្ហា និងតម្រូវការរបស់ស្ត្រី និងកុមារទូទាំងខេត្ត កាន់តែមានភាពរឹងមាំ។ ថ្នាក់ដឹកនាំទាំង២ បានលើកឡើងថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាអង្គការមហាជន ដែលបានបង្កើតឡើងតាំងពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមទង់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងកាលៈទេសៈប្រទេសជួបវិបត្តិនៃសង្គ្រាម បង្កឡើងដោយរបបប្រល័យពូជសាសន៍។ រហូតមកដល់ពេលនេះសមាគមនារី បាននឹងកំពុងបំផុសបងប្អូននារីគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស រួមគ្នាជាកម្លាំងគាំទ្រ និងអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រកាន់ខ្ជាប់នូវទស្សនៈ អ្វីៗទាំងអស់ ដើម្បីសុខុមាលភាពរបស់ស្រ្តី និងកុមារ។

      ថ្នាក់ដឹកនាំទាំង២ បានលើកឡើងទៀតថា ក្រោមម្លប់សន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ និងមានស្ថិរភាព ធ្វើឱ្យភាពក្រីក្រនៅកម្ពុជា ត្រូវបានកាត់បន្ថយមកត្រឹម១០%នាពេលបច្ចុប្បន្ន រីឯអត្រាគ្មានការងារធ្វើមានប្រមាណ០.៣%។ ហើយកម្ពុជាបានផ្លាស់ប្តូរមុខមាត់ពីប្រទេសក្រីក្រ ទៅជាប្រទេសមានចំណូលមធ្យមកំរិតទាប និងបោះជំហាន ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តាមរយៈនេះ យើងទាំងអស់គ្នា សូមអរគុណសម្តេចតេជោ ដែលបានដឹកនាំកម្ពុជាឱ្យមានសន្តិភាព និងបានធ្វើឱ្យប្រទេសជាតិរីកចម្រើនរុងរឿង ព្រមទាំងប្តេជ្ញារួមគ្នាថែរក្សាសន្តិភាព ធានាបានសមភាពយេនឌ័រប្រកបដោយបរិយាប័ន្ន។ ទន្ទឹមនឹងនោះថ្នាក់ដឹកនាំទាំង២ បានសំណូមពរដល់បងប្អូននារី ចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ ដែលនេះគឺជាជម្រើសមួយដ៏ល្អបំផុត សម្រាប់ការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ រួមទាំងជំងឺ COVID-19។

      នៅក្នុងឱកាសនោះ បងប្អូននារីទាំងថ្នាក់កិត្តិយស និងអនុសាខា គ្រប់ផ្នែកគ្រប់ថ្នាក់ បានចូលរួមបង់ថវិកាប្រចាំឆ្នាំ សម្រាប់ទ្រទ្រង់សកម្មភាព ជួយទៅដល់ជនងាយរងគ្រោះ ដោយប្រការផ្សេងៗ បានទាន់ពេលវេលា និងចំគោលដៅផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ